សារព័ត៌មានថៃបានកោតសរសើរសម្ដេចតេជោ ហ៊ុន សែន ហើយថាលោកពូកែសម្របទៅតាមស្ថានការណ៍ជំងឺកូវីដ១៩ ជាងមេដឹកនាំរបស់ខ្លួន
សារព័ត៌មានថៃ Komchadluek កាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១ បានសរសេរលើកឡើងពីមេដឹកនាំឆ្លាត នៅក្នុងអំឡុងពេលមានវិបត្តិនៃជំងឺ COVID-19 ដោយពួកគេបានប្រៀបធៀបសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ផាន់ខាំ ភីផាវ៉ាន់ នាយករដ្ឋមន្ត្រីនៃប្រទេសឡាវ ជាមួយនឹងមេដឹកនាំរបស់ប្រទេសខ្លួនគឺលោក ប្រាយុទ្ធ ចាន់អូចា ។ ប្រភព Komchadluek បាននិយាយថា មេដឹកនាំនៃប្រទេសទាំង ២ ក៏ដូចជាប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត បានឆ្លើយតបយ៉ាងល្អជាមួយនឹងស្ថានការណ៍នៃជំងឺ COVID-19 ដោយមានការបញ្ជាទិញវ៉ាក់សាំងទាន់ពេលវេលា ពិសេសគឺបានចូលរួមក្នុងកម្មវិធី COVAX ខណៈដែលប្រទេសថៃខ្លួនឯងឯណោះវិញ បានក្លាយជាប្រទេសតែមួយគត់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមិនចូលរួមជាមួយនឹងកម្មវិធី COVAX ។
សារព័ត៌មាននោះបានលើកឡើងថា ប្រទេសកម្ពុជាក្រោមការដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាទិញ និងទទួលបានជំនួយវ៉ាក់សាំងបង្ការជំងឺ COVID-19 ប្រមាណជា ៧ លានដូស គិតមកទល់នឹងពេលនេះ ហើយកាលពីថ្ងៃទី២២ ខែកក្កដា ថ្មីៗនេះ សម្ដេចក៏ទើបតែបានប្រកាសពីការទទួលវ៉ាក់សាំង Sinopharm ចំនួន ១ លានដូស ដែលកម្ពុជាបានបញ្ជាទិញពីរដ្ឋាភិបាលចិន។ វាបានបន្ថែមថា ខណៈដែលជំងឺ COVID-19 កំពុងមានការឆ្លងរាលដាលខ្លាំង សម្ដេចបានសម្របទៅតាមស្ថានការណ៍ជាក់ស្ដែង ដោយបានបញ្ជាទិញបន្ថែមទាំងវ៉ាក់សាំង Sinovac និង Sinopharm ដោយមានជើងហោះហើរដឹកជញ្ជូនវ៉ាក់សាំងពីប្រទេសចិនប្រចាំសប្ដាហ៍ ហើយគិតមកទល់ពេលនេះ មានពលរដ្ឋកម្ពុជា ៦ លាននាក់រួចមកហើយ ដែលបានទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 ។
ចំណែកឯប្រទេសឡាវវិញ ពួកគេបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 បានទាំង ២ដូស ជូនដល់ពលរដ្ឋច្រើនជាង ១.៨ លាននាក់ រួចមកហើយ ខណៈដែលនាយករដ្ឋមន្ត្រីលោក ផាន់ខាំ ភីផាវ៉ាន់ ក៏បានប្រកាសពីជោគជ័យមួយនេះ ហើយបានប្ដេជ្ញាថា នឹងចាក់វ៉ាក់សាំងបង្ការជូនពលរដ្ឋឱ្យបានពាក់កណ្ដាលនៃចំនួនប្រជាជនសរុបរបស់ខ្លួន (ឡាវមានពលរដ្ឋសរុប ៧.៦ លាននាក់) ។
វាផ្ទុយពីប្រទេសថៃ ព្រោះថាប្រទេសនេះបាននិយាយតាំងតែពីដើមឆ្នាំ២០២១ រួចមកហើយថា ខ្លួននឹងមិនចូលរួមជាមួយកម្មវិធី COVAX នោះទេ ខណៈនាយករដ្ឋមន្ត្រីថៃគឺលោក បា្រយុទ្ធ ចាន់អូចា បានលើកហេតុផលចំពោះការដកខ្លួននេះថា ប្រទេសរបស់លោកមិនអាចទទួលបានវាក់សាំងដោយឥតគិតថ្លៃ ហើយត្រូវចំណាយលើវ៉ាក់សាំងដោយខ្លួនឯង និងមិនអាចរើសប្រភេទវ៉ាក់សាំងដែលខ្លួនចង់បាននោះទេ។ ប៉ុន្តែឥឡូវនេះស្ថានការណ៍កាន់តែយ៉ាប់យ៉ឺន ហើយប្រទេសថៃផ្ទាល់ ក៏មិនអាចមានវ៉ាក់សាំងគ្រប់គ្រាន់ និងទាន់ពេលវេលាជូនពលរដ្ឋនោះដែរ។ ដូច្នេះប្រទេសថៃកំពុងងាកមករកកម្មវិធី COVAX ប៉ុន្តែវាយឺតពេលអស់ទៅហើយ ព្រោះថាពួកគេនឹងត្រូវរង់ចាំរហូតដល់ការចរចាជើងក្រោយនៅឆ្នាំ២០២២ ឯណោះ៕


អត្ថបទ៖ លីដា
ប្រភព៖ Komchadluek
