ព័ត៌មានអន្តរជាតិ August 16, 2021

BREAKING: ទីបំផុតនាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក Muhyiddin សុខចិត្តចុះចេញពីតំណែង

Khmerpress

(គូឡាឡាំពួ)៖ នាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក មូហៃយ៉ីដឌីន យ៉ាសស៊ីន (Muhyiddin Yassin) បានដាក់ពាក្យសុំលាលែងពីមុខតំណែង ទៅកាន់ព្រះមហាក្សត្រហើយ ក្រោយទទួលស្គាល់ថា លោកបានបាត់បង់សំឡេងគាំទ្រភាគច្រើន នៅក្នុងសភា។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន ABC News នៅថ្ងៃចន្ទ ទី១៦ ខែសីហា ឆ្នាំ២០២១។

រដ្ឋមន្រ្តីវិទ្យាសាស្រ្តម៉ាឡេស៉ី លោក ខរី ចាម៉ាលុដឌីន (Khairy Jamaluddin) បានប្រកាសលើបណ្តាញសង្គមថា គណៈរដ្ឋមន្រ្តីទាំងមូល ក៏បានដាក់ពាក្យលាលែងរួចហើយដែរ ទៅកាន់ព្រះមហាក្សត្រ ក្រោយលោក Muhyiddin បានចាកចេញពីរាជវាំង ក្រោយចូលគាល់ទ្រង់។

រដ្ឋាភិបាលរបស់លោក Muhyiddin ដែលឡើងកាន់អំណាចកាលពីខែមីនា ឆ្នាំ២០២០ បានប្រឈមមុខនឹងសម្ពាធពីសំណាក់ក្រុមប្រឆាំង រួមទាំងសាធារណជន ដែលមានការខឹងសម្បារ ដោយសារតែការគ្រប់គ្រងវិបត្តិជំងឺ COVID-19 មិនបានល្អ។ ការលាលែងពីតំណែងនេះ ធ្វើឲ្យលោក Muhyiddin ក្លាយជាមេដឹកនាំម៉ាឡេស៉ី ដែលកាន់អំណាចបានខ្លីជាងគេបំផុត ក្នុងប្រវត្តិសាស្រ្ត។

គួរបញ្ជាក់ថា ភ្លាមៗនេះ មិនទាន់ច្បាស់នោះទេថា នរណានឹងអាចបង្កើតរដ្ឋាភិបាលថ្មី ដ្បិតពុំមាននរណាម្នាក់ មានសំឡេងគាំទ្រភាគច្រើន ច្បាស់លាស់នោះឡើយ នៅក្នុងសភា ឬក៏ថាតើការបោះឆ្នោតសកល អាចនឹងធ្វើឡើងបានដែរឬអត់ កំឡុងការរាតត្បាតនៃ COVID-19 បែបនេះ។

ទោះយ៉ាងណាក្តី ការសម្រេចចិត្តប្រហែលជាត្រូវធ្លាក់ទៅ ក្នុងព្រះហស្ថរបស់ព្រះមហាក្សត្រម៉ាឡេស៉ី ព្រះចៅ អាល់ ស៊ូលតង់ អាប់ឌុលឡោះ (Al-Sultan Abdullah) ព្រោះទ្រង់មានអំណាចអាចតែងតាំងនាយករដ្ឋមន្រ្តី ពីក្នុងចំណោមសមាជិកសភាបាន ដោយផ្អែកទៅលើអ្នកដែលទ្រង់យល់ថា ទំនងជាមានសំឡេងគាំទ្រភាគច្រើន៕ ផ្តល់សិទ្ធិដោយ៖ freshnews