ព័ត៌មានអន្តរជាតិ August 18, 2021

សហរដ្ឋអាមេរិកកំពុងណែនាំឱ្យពលរដ្ឋទៅទទួលយកវ៉ាក់សាំងដូសទី៣ ខណៈជំងឺកូវីដ១៩ វ៉ារ្យ៉ង់ Delta កំពុងវាយប្រហារយ៉ាងខ្លាំងនៅក្នុងរលកឆ្លងថ្មីទី៤ របស់ខ្លួន

Khmerpress

អាជ្ញាធរសុខាភិបាលរបស់សហរដ្ឋអាមេរិករំពឹងថា នឹងណែនាំរាល់ជនជាតិអាមេរិកទាំងអស់ឱ្យទទួលយកវ៉ាក់សាំងដូសទី៣ ខណៈដែលប្រទេសនេះកំពុងប្រឈមនឹងរលកឆ្លងទី៤ ដែលភាគច្រើនបានវាយប្រហារទៅសហគមន៍ដែលមិនបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ។ អាជ្ញាធរសុខាភិបាលបាននិយាយថា ពលរដ្ឋគួរតែទៅទទួលយកវ៉ាក់សាំងដូសទី៣ បន្ទាប់ពីរយៈពេល ៨ខែ ក្រោយបំពេញការចាក់លើកដំបូងរបស់ពួកគេ។

វ៉ាក់សាំងដូសទី៣ ឬដូសជំរុញនេះ នឹងចាប់ផ្ដើមមានឱ្យប្រើប្រាស់នៅពាក់កណ្ដាល ឬចុងខែកញ្ញា ដោយសារការស្នើដែលបានដាក់ទៅ FDA នៅមិនទាន់អនុម័តនៅឡើយ។ ការណែនាំនេះក៏ស្របទៅនឹងការពិតដែលថា វ៉ាក់សាំងនឹងចុះថយប្រសិទ្ធភាពក្នុងរយៈពេលប៉ុន្មានខែក្រោយពីការចាក់ដូសទី២ ខណៈដែលជំងឺ COVID-19 បំប្លែងខ្លួន Delta កំពុងក្លាយជាក្ដីបារម្ភរបស់សហរដ្ឋអាមេរិក។ គួរឱ្យដឹងដែរថា សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងជូនពលរដ្ឋបាន ១៦៨ លាននាក់ ប៉ុន្តែឥឡូវនេះមានមនុស្សយ៉ាងហោច ១១,០០០ នាក់ ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យប្រចាំថ្ងៃ៕

អត្ថបទ៖ លីដា
ប្រភព៖ Aljazeera