ព័ត៌មានអន្តរជាតិ August 19, 2021

WHO បានថ្កោលទោសយ៉ាងខ្លាំងលើប្រទេសអ្នកមាន ចំពោះការប្រញាប់ប្រញាល់ប្រើប្រាស់វ៉ាក់សាំងដូសទី៣ ខណៈដែលមនុស្សរាប់លាននាក់ផ្សេងទៀតមិនមានឱកាសទទួលបានវ៉ាក់សាំង

Khmerpress

អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃពុធ ទី១៨ ខែសីហា ឆ្នាំ២០២១ បានថ្កោលទោសចំពោះការប្រញាប់ប្រញាល់លើការប្រើប្រាស់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ របស់ប្រទេសអ្នកមាន ខណៈដែលមនុស្សរាប់លាននាក់នៅជុំវិញពិភពលោក មិនទាន់ទទួលបានសូម្បីតែដូសដំបូងរបស់ខ្លួន។ អ្នកជំនាញរបស់ WHO បានទទូចថា មិនមានភស្តុតាងវិទ្យាសាស្ត្រគ្រប់គ្រាន់ដែលយើងត្រូវការការជំរុញនោះទេ។ WHO បាននិយាយថា ការផ្តល់ដូសជំរុញដល់ពួកគេ (អ្នកដែលទទួលបានវ៉ាក់សាំងរួចទាំង២លើក) ខណៈដែលមនុស្សជាច្រើននៅមិនទាន់មានវ៉ាក់សាំងបង្ការ គឺជារឿងអសីលធម៌។

នាយកផ្នែកសង្គ្រោះបន្ទាន់របស់អង្គការសុខភាពពិភពលោកគឺលោក Mike Ryan បានប្រាប់អ្នកយកព័ត៌មាន ដោយនិយាយពីទីស្នាក់ការកណ្តាលនៅទីក្រុងហ្សឺណែវថា៖«យើងមានគម្រោងប្រគល់អាវពោងការពារជីវិតបន្ថែម ទៅដល់មនុស្សដែលមានអាវពោងរួចទៅ ហើយខណៈដែលយើងទុកឱ្យមនុស្សផ្សេងទៀតលង់ទឹកដោយគ្មានពោងសូម្បីតែ១»។ គាត់បានបន្ថែមថា៖«ការពិតជាក់ស្តែងខាងសីលធម៌ គឺយើងកំពុងផ្តល់អាវពោងទី២ ខណៈដែលមនុស្សរាប់លាននាក់ និងមនុស្សរាប់លាននាក់ផ្សេងទៀតគ្មានអ្វីការពារពួកគេឡើយ»។ លោកបាននិយាយថាបែបនេះ គឺជាការប្រៀបធៀបនឹងស្ថានភាពបច្ចុប្បន្ន ខណៈដែលសហរដ្ឋអាមេរិកថ្មីៗនេះ កំពុងរៀបចំឱ្យពលរដ្ឋទៅទទួលវ៉ាក់សាំងដូសទី៣ ឱ្យបានឆាប់បំផុត៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia