ព័ត៌មានអន្តរជាតិ August 30, 2021

ជប៉ុនរកឃើញករណីចម្លងមេរោគចេញពីវ៉ាក់សាំង Moderna ថ្មីបន្ថែមទៀត ខណៈកន្លងមកមានពលរដ្ឋជប៉ុន ២នាក់បានបាត់បង់ជីវិតក្រោយចាក់វ៉ាក់សាំងប្រភេទនេះរួច

Khmerpress

ជប៉ុន៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យ ទី២៩ ខែសីហានេះថា ប្រទេសជប៉ុនបានរកឃើញករណីចម្លងមេរោគចេញពីវ៉ាក់សាំងបង្ការកូវីដ-១៩ ប្រភេទ Moderna បន្ថែមទៀត ខណៈកាលពីពេលថ្មីៗនេះជប៉ុនធ្លាប់បានជួបករណីដូចគ្នានេះរួចម្តងហើយ។

បញ្ហាថ្មីនេះត្រូវបានអាជ្ញាធរសុខាភិបាលជប៉ុនរកឃើញនៅក្នុងអាណាខេត្ត Okinawa ខណៈវ៉ាក់សាំងដែលមានបញ្ហានេះស្ថិតនៅក្នុងកញ្ចប់នៃវ៉ាក់សាំងផ្សេងមួយទៀតដាច់ដោយឡែកពីកញ្ចប់នៃវ៉ាក់សាំងដែលធ្លាប់កើតមានបញ្ហានាពេលកន្លងមក។ គេនៅចាំបានថាក្រោយរកឃើញករណីមិនប្រក្រតីដូចនេះ អាជ្ញាធរជប៉ុនក៏ធ្លាប់សម្រេចផ្អាកប្រើប្រាស់វ៉ាក់សាំង Moderna ចំនួន ១,៦៣ លានដូសម្តងរួចហើយ ព្រោះវ៉ាក់សាំងទាំងជាង ១លានដូសនេះស្ថិតនៅក្នុងកញ្ចប់នៃវ៉ាក់សាំងដែលគេបានរកឃើញមានករណីចម្លងមេរោគ។

គួររមឹ្លកជូនថា មុនពេលសម្រេចផ្អាកប្រើប្រាស់វ៉ាក់សាំងបង្ការកូវីដ-១៩ ប្រភេទ Moderna ចំនួន ១,៦៣ លានដូសខាងលើនេះ ជប៉ុនក៏ធ្លាប់រកឃើញករណីមានពលរដ្ឋចំនួន ២ នាក់បានស្លាប់ក្រោយចាក់វ៉ាក់សាំង Moderna ដូសទី ២ រួចផងដែរ។ ជនរងគ្រោះដែលបានស្លាប់នោះមានម្នាក់ជាបុរសអាយុ ៣០ឆ្នាំ និងម្នាក់ទៀតជាបុរសវ័យ ៣៨ឆ្នាំ ហើយពួកគាត់បានស្លាប់កាលពីដើមខែសីហានេះ ខណៈរហូតមកទល់នឹងពេលនេះមូលហេតុនៃស្លាប់របស់ពួកគាត់កំពុងស្ថិតក្នុងការស្រាវជ្រាវនៅឡើយ។

សូមបញ្ជាក់ជូនផងដែរថា គិតមកទល់នឹងពេលនេះអាជ្ញាធរសុខាភិបាលជប៉ុនសម្រេចការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនពលរដ្ឋខ្លួនបានជាង ៥៥លាននាក់ហើយ ខណៈជប៉ុនមានពលរដ្ឋសរុបជាង ១២៦លាននាក់ ៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍