ថៃ៖ មនុស្សជាង ១៥,០០០នាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២៥៣នាក់បានបាត់បង់ជីវិត ក្នុងរបាយការណ៍ថ្ងៃសៅរ៍នេះ
(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃសៅរ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៥,១៩១ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Bangkok Post។
បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ១៤,៤៦៥ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ៧២៦ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ២៥៣នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថា ស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។ ដោយឡែកអ្នកជំងឺចំនួន ១៨,៧២១នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ១,៣៦៨,១៤៤ករណី ក្នុងនោះមានអ្នកស្លាប់ ១៤,១៧៣នាក់ និងអ្នកជាសះស្បើយឡើងវិញ ១,២១៦,១១២នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

