ព័ត៌មានអន្តរជាតិ September 13, 2021

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន យល់ព្រមឲ្យរដ្ឋកាលីហ្វ័រញ៉ា ចេញសេចក្តីប្រកាសអំពីគ្រោះមហន្តរាយ

Khmerpress

(កាលីហ្វ័រញ៉ា)៖ នៅទីបំផុតប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានយល់ព្រមឲ្យអាជ្ញាធររដ្ឋកាលីហ្វ័រញ៉ា ធ្វើការប្រកាសដាក់រដ្ឋភាគនិរតីមួយនេះ ទៅក្នុងគ្រោះមហន្តរាយហើយ បន្ទាប់ពីស្ថានការណ៍ភ្លើងឆេះព្រៃដ៏អាក្រក់ បាននិងកំពុងបង្កទុក្ខលំបាក ដល់ប្រជាជនកាន់តែខ្លាំង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិន CGTN នារសៀលថ្ងៃចន្ទ ទី១៣ ខែកញ្ញា ឆ្នាំ២០២១។

ការប្រកាសអំពីគ្រោះមហន្តរាយខាងលើនេះ នឹងធ្វើឲ្យរដ្ឋកាលីហ្វ័រញ៉ា អាចស្នើសុំជំនួយចាំបាច់នានាពីរដ្ឋាភិបាលសហព័ន្ធ ដើម្បីយកមកជួយសង្គ្រោះប្រជាជន ក្នុងតំបន់ដែលរងគ្រោះធ្ងន់ធ្ងរ ដោយសារតែភ្លើងឆេះព្រៃ ខាលដ័រ (Caldor Fire) ដែលបានចាប់ផ្តើមឆាបឆេះកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១។ Caldor Fire បានលេបត្របាក់ព្រៃឈើ ភូមិឋានប្រជាជន និងហេដ្ឋរចនាសម្ព័ន្ធជារួមតែម្តង ហើយដោយឡែក សម្រាប់ទំហំនៃការខូចខាតគិតជាទឹកប្រាក់ និងជំនួយចាំបាច់នានា ដែលនឹងត្រូវស្នើសុំពីរដ្ឋាភិបាលសហព័ន្ធ គឺមិនទាន់មានការប្រកាសឲ្យដឹងនោះឡើយ។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ក៏នឹងធ្វើដំណើរដោយផ្ទាល់ ទៅកាន់តំបន់ សាក្រាមិនតូ (Sacramento) នៃរដ្ឋកាលីហ្វ័រញ៉ាផងដែរ ដើម្បីត្រួតពិនិត្យការខូចខាត បង្កឡើងដោយភ្លើងឆេះព្រៃ រួចទើបលោកបើកកិច្ចអត្ថាធិប្បាយមួយ ដើម្បីពន្យល់អំពីចំណាត់ការឆ្លើយតប ដោយរដ្ឋបាលរបស់លោកចំពោះបញ្ហាទាំងឡាយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ចេញពីសេតវិមាន នៅយប់ថ្ងៃអាទិត្យ ទី១២ ខែកញ្ញា (ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន)៕ ផ្តល់សិទ្ធិដោយ៖ freshnews