ព័ត៌មានអន្តរជាតិ September 21, 2021

ប្រទេសឥណ្ឌូនេស៊ី អាចនឹងអនុញ្ញាតឱ្យភ្ញៀវទេសចរបរទេស ធ្វើដំណើរទៅកាន់កោះរមណីយដ្ឋាន កោះបាលី និងផ្នែកផ្សេងទៀតនៅខែតុលានេះ

Khmerpress

រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសមុទ្រនិងវិនិយោគលោក Luhut Binsar Pandjaitan បាននិយាយថា ប្រទេសឥណ្ឌូនេស៊ីអាចនឹងអនុញ្ញាតឱ្យភ្ញៀវទេសចរបរទេស ធ្វើដំណើរទៅកាន់កោះរមណីយដ្ឋាន កោះបាលី និងផ្នែកផ្សេងទៀតនៃប្រទេសនៅខែតុលានេះ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១៩ ខែកញ្ញា លោកបានបញ្ជាក់ថា ភ្ញៀវទេសចរមកពីសាធារណរដ្ឋកូរ៉េ ជប៉ុន សិង្ហបុរី និងនូវែលសេឡង់ ដែលកំពុងស្ថិតក្នុងការពិចារណាថា ជាប្រទេសដំបូងដែលធ្វើដំណើរមកប្រទេសនេះ ដោយសារវីរុសមានការរីករាលដាលទាបនៅក្នុងប្រទេសទាំងនោះ។

លោក Luhut បានបន្ថែមទៀតថា ការបើកឡើងវិញចំពោះជនបរទេសពឹងផ្អែកលើ ៧០% នៃប្រជាជនគោលដៅ ដែលទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១។ ជាមួយគ្នានេះ ចំនួនករណីថ្មីដែលបានបញ្ជាក់នៅក្នុងប្រទេសឥណ្ឌូនេស៊ីបានធ្លាក់ចុះ ៩៤.៥% ចាប់តាំងពីកម្រិតខ្ពស់បំផុតកាលពីពាក់កណ្តាលខែកក្កដា ដោយអត្រាស្នាក់នៅមន្ទីរពេទ្យជាតិធ្លាក់ចុះក្រោម ១៥%។

គួរឱ្យដឹងថា ម៉ាឡេស៊ីនៅសប្តាហ៍នេះ បានបើកកោះឡាំងកាវីរបស់ខ្លួនឡើងវិញ សម្រាប់ភ្ញៀវក្នុងស្រុក ខណៈប្រទេសថៃបានបើកកោះភូកេត និងកោះសាមុយ ទទួលភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងរួចរាល់៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus