ព័ត៌មានអន្តរជាតិ September 27, 2021

គ្រូបុរាណដ៏ល្បីម្នាក់ដែលធ្លាប់អះអាងថាមានទឹកមន្តពិសេសសម្រាប់ដោះស្រាយវិបត្តិកូវីដនៅទូទាំងប្រទេសស្រីលង្កា ពេលនេះបានទទួលមរណភាពហើយដោយសារជំងឺកូវីដ ១៩

Khmerpress

ស្រីលង្កា៖ គ្រូមន្តអាគមនិងជាគ្រូព្យាបាលជំងឺតាមបែបបុរាណដ៏ល្បីល្បាញម្នាក់នៅក្នុងប្រទេសស្រីលង្កាត្រូវបានសារព័ត៌មាន BBC រាយការណ៍ថា រូបគាត់បានស្លាប់បាត់បង់ជីវិតហើយដោយសារជំងឺកូវីដ ១៩ ខណៈនាពេលកន្លងមករូបធ្លាប់បានអះអាងថា គាត់មានទឹកមន្តពិសេសម្យ៉ាងដែលអាចព្យាបាលជំងឺកូវីដ ១៩បាន។

គ្រូបុរាណរូបនេះមានឈ្មោះថា Eliyantha White អាយុ ៤៨​ឆ្នាំ ជាបុគ្គលដ៏មានឥទ្ធិពលម្នាក់នៅស្រីលង្កា ក្រោយរូបគាត់បានព្យាបាលក្រុមកីឡាករល្បីៗ អ្នកនយោបាយ​ រួមទាំងនាយករដ្ឋមន្ត្រីនៃប្រទេសស្រីលង្កាផងឲ្យជាស្បះស្បើយពីជំងឺធ្ងន់ធ្ងរជាច្រើនមុខតាមរយៈការប្រើប្រាស់ថ្នាំបុរាណនិងវិធីព្យាបាលបែបបុរាណរបស់គាត់។

គេនៅចាំបានថា នាពេលកន្លងគ្រូបុរាណរូបនេះធ្លាប់បានអះអាងថា គាត់មានទឹកមន្តពិសេសម្យ៉ាងដែលគាត់បានច្រោះចេញទឹកទន្លេសម្រាប់យកមកព្យាបាលជំងឺកូវីដ ១៩ ហើយគាត់ក៏បានបញ្ជាក់ទៀតថា ទឹកមន្តពិសេសនោះនឹងជួយដោះស្រាយវិបត្តិកូវីដ ១៩ នៅក្នុងប្រទេសស្រីលង្កានិងប្រទេសឥណ្ឌាបានយ៉ាងមានប្រសិទ្ធភាពទៀតផងនៅពេលអនាគត។ លោកគ្រូបុរាណរូបនេះមិនបានទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ឡើយ ហើយកាលពី ២ខែមុនគាត់ក៏បានឆ្លងកូវីដ ១៩ និងត្រូវបញ្ជូនទៅព្យាបាលនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ហើយដោយសារសុខភាពរបស់គាត់ចុះខ្សោយខ្លាំងពេលគាត់ក៏បានដាច់ខ្យល់ស្លាប់នៅក្នុងមន្ទីរពេទ្យតែម្តងកាលពីប៉ុន្មានថ្ងៃមុននេះ៕ ប្រភព៖ ខ្មែរណូត