ការសិក្សាមួយបានរកឃើញថា មនុស្សជាតិអាចមានលទ្ធភាពរស់នៅដល់អាយុ ១៣០ឆ្នាំ
ការសិក្សាមួយបានដែលបានចុះផ្សាយតាមរយៈបណ្តាញសារព័ត៌មាន South China Morning Post បានឲ្យដឹងថា មនុស្សជាតិអាចរស់នៅរហូតដល់អាយុ ១៣០ឆ្នាំ បើទោះជានាពេលបច្ចុប្បន្ននេះមានមនុស្សតិចតួចណាស់ដែលអាចនៅរស់លើសពីអាយុ ១០០ ឆ្នាំក៏ដោយ។ ការសិក្សារមួយនេះត្រូវបានធ្វើឡើងដោយក្រុមអ្នកវិទ្យសាស្រ្តនៅក្នុងវិទ្យាស្ថានបច្ចេកវិទ្យាសហព័ន្ធស្វីស (Swiss Federal Institute of Technology) ដែលមានមូលដ្ឋាននៅក្នុងទីក្រុង Lausanne នៃប្រទេសស្វីស ខណៈនៅក្នុងការសិក្សាគេស្រាវជ្រាវយ៉ាងស៊ីជម្រៅអំពីជីវិតមនុស្សដែលមានអាយុច្រើនបំផុតប្រមាណជា ១,១០០ នាក់ នៅក្នុងប្រទេសចំនួន ១៣ផ្សេងគ្នា។
លទ្ធផលនៃការសិក្សាបានបង្ហាញថា មនុស្សជាតិអាចមានលទ្ធភាពរស់ដល់អាយុ ១៣០ឆ្នាំឯណោះ ហើយកត្តាដែលធ្វើឲ្យមនុស្សម្នាក់អាចរស់នៅបានយូរអង្វែងដូចនេះគឺដោយសារាង្គកាយរបស់ពួកគាត់មានអំណោយផលពីធម្មជាតិស្រាប់បូកផ្សំជាមួយនឹងទម្លាប់នៃការរស់នៅត្រឹមត្រូវរបស់ពួកគាត់តាំងពីក្មេងមក ដូចជាទម្លាប់នៃការបរិភោគអាហារសុខភាពជាប្រចាំ ធ្វើលំហាត់ប្រាណជាប្រចាំ និងមានជីវិតដែលពោរពេញដោយភាពរីករាយជាដើម។ យ៉ាងណាក្តី ការសិក្សាបានបញ្ជាក់ថា មនុស្សដែលមានអាយុចាប់ពីអាយុ ១១០ ឆ្នាំឡើងទៅគឺអាចប្រឈមនឹងការស្លាប់ងាយណាស់ ដោយពេលខ្លះពួកគាត់អាចស្លាប់ដោយគ្មានធ្វើទុកអ្វីទាល់តែសោះ។ ចំពោះលទ្ធភាពនៃការរស់នៅដល់អាយុ ១៣០វិញ ដ្បិតតែវាអាចទៅរួចតែវាមានភាគរយតិចតួចណាស់ ពោលគឺមួយភាគរយក្នុងចំណោមរាប់រយលានករណី៕ ដោយ៖ ខ្មែរណូត

