កូរ៉េខាងត្បូងនឹងបរិច្ចាគវ៉ាក់សាំង AstraZeneca សរុបជាង១.៥លានដូស ឲ្យថៃនិងវៀតណាម
(សេអ៊ូល)៖ ទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺនៃប្រទេសកូរ៉េខាងត្បូង (KDCA) កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានប្រកាសថា រដ្ឋាភិបាលទីក្រុងសេអ៊ូល នឹងបរិច្ចាគវ៉ាក់សាំង AstraZeneca ចំនួន១.១លានដូស ដល់ប្រទេសវៀតណាម និង៤៧០,០០០ដូស ដល់ប្រទេសថៃ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៣ ខែតុលា ឆ្នាំ២០២១។
ទីភ្នាក់ងារ KDCA បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ការប្រកាសបរិច្ចាគវ៉ាក់សាំងបង្ការ COVID-19 ខាងលើនេះ កើតមានឡើង ស្របពេលដែលប្រទេសកូរ៉េខាងត្បូង សម្រេចបានការចាក់វ៉ាក់សាំងយ៉ាងហោច១ដូស ជូនដល់ជិត៨០ភាគរយ នៃប្រជាជនកូរ៉េខាងត្បូងទាំង ៥២លាននាក់។ យ៉ាងណាមិញ ពុំមានការបញ្ជាក់ថា វ៉ាក់សាំងដែលកូរ៉េខាងត្បូងនឹងបរិច្ចាគ ត្រូវទៅដល់ប្រទេសទាំងពីរ នៅពេលណាឲ្យច្បាស់ឡើយ។
គួរបញ្ជាក់ថា នៅថ្ងៃពុធនេះ ថៃបានរាយការណ៍ពីករណីឆ្លង COVID-19 ថ្មីៗចំនួនជាង ១០,០០០នាក់ និងស្លាប់៨២នាក់ ដែលធ្វើឲ្យករណីឆ្លងសរុប បន្តកើនដល់ ១.៧៤លាននាក់ និងស្លាប់ជិត១៨,០០០នាក់។ សម្រាប់ការចាក់វ៉ាក់សាំងបង្ការ នៅក្នុងប្រទេសថៃវិញនោះ គឺវ៉ាក់សាំងសរុប៦១.២លានដូស ត្រូវបានចាក់ ក្នុងនោះប្រជាជន ២៣.៩៣លាននាក់ (៣៤.២១ភាគរយ នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស។
ចំណែកវៀតណាម កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានរាយការណ៍ពីករណីឆ្លងថ្មីៗចំនួនជិត ៣,០០០នាក់ និងស្លាប់ជាង៩០នាក់ ដែលធ្វើឲ្យចំនួនករណីឆ្លងសរុបក្នុងប្រទេសនេះ បន្តកើនដល់ជាង ៨៤ម៉ឺននាក់ និងស្លាប់ជាង២០,៧០០នាក់។ សម្រាប់ការចាក់វ៉ាក់សាំង គឺប្រជាជនវៀតណាមជាង១៦លាននាក់ (ជាង១៦ភាគរយ នៃចំនួនប្រជាជនសរុប ទទួលបានការចាក់គ្រប់ដូស)៕ ផ្តល់សិទ្ធិដោយ៖ freshnews



