ព័ត៌មានអន្តរជាតិ October 26, 2021

ប្រទេសថៃបានកត់ត្រាករណីដំបូងបំផុតនៃជំងឺកូវីដ១៩ វ៉ារ្យ៉ង់ Delta Plus ប៉ុន្តែនៅមិនទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភនៅឡើយ

Khmerpress

ប្រទេសថៃបានកត់ត្រាករណីដំបូងនៃជំងឺ COVID-19 វ៉ារ្យ៉ង់ Delta Plus ប៉ុន្តែគ្មានហេតុផលណាមួយគួរឱ្យព្រួយបារម្ភ មិនថាជាភាពធ្ងន់ធ្ងរ ភាពធន់នឹងថ្នាំ ឬវ៉ាក់សាំងរបស់វានោះទេ ខណៈដែលជំងឺនេះកំពុងត្រូវបានតាមដានយ៉ាងដិតដល់ នេះបើយោងតាមលោកវេជ្ជបណ្ឌិត Chawetsan Namwat នាយកផ្នែកគ្រប់គ្រងជំងឺ និងគ្រោះថ្នាក់សុខភាពបន្ទាន់ នៅនាយកដ្ឋានគ្រប់គ្រងជំងឺ (DCD)។ លោក​វេជ្ជបណ្ឌិតមិន​បាន​បញ្ជាក់​លម្អិត​អំពី​ករណី​នេះ​ទេ ប៉ុន្តែ​លោកបាន​និយាយ​ថា នាយកដ្ឋាន​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​របស់ប្រទេសថៃ នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​អង្គារ ​ដើម្បី​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែមចំពោះបញ្ហានេះ។

លោកវេជ្ជបណ្ឌិត Chawetsan បាននិយាយថា ក្នុងរយៈពេល ២៨ ថ្ងៃកន្លងមកនេះ ករណីជំងឺ COVID-19 វ៉ារ្យ៉ង់ Delta Plus នៅចក្រភពអង់គ្លេសបានកើនឡើងគួរឱ្យកត់សម្គាល់ ដែលស្មើនឹង ៦% នៃការឆ្លងមេរោគទាំងអស់ ខណៈដែលភាគច្រើនជាវ៉ារ្យ៉ង់ Delta ។ ឆ្លើយតបទៅនឹងពលរដ្ឋដែលមានការព្រួយបារម្ភជាមួយវ៉ារ្យ៉ង់ Delta Plus លោក Chawetsan បាននិយាយថា អង្គការសុខភាពពិភពលោកមិនទាន់ចាត់ទុក Delta Plus ជាវ៉ារ្យ៉ង់ដែល «គួរឱ្យព្រួយបារម្ភ» នៅឡើយទេ ដូច្នេះពលរដ្ឋកុំព្រួយបារម្ភខ្លាំងពេកអី៕ ដោយ៖ ខ្មែរណូត