ព័ត៌មានអន្តរជាតិ October 30, 2021

ក្រុមរដ្ឋមន្រ្តី G20 ឯកភាពគ្នាបង្កើតក្រុមការងារចម្រុះ ដើម្បីត្រៀមខ្លួន សម្រាប់ជំងឺឆ្លងរាតត្បាតសកលថ្មីៗ នាពេលអនាគត

Khmerpress

(រ៉ូម)៖ ក្រុមរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងសុខាភិបាល មកពីប្រទេស G20 កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានព្រមព្រៀងគ្នាលើការបង្កើត ក្រុមការងារចម្រុះពិសេសមួយ ដើម្បីត្រៀមខ្លួននិងដើម្បីទប់ស្កាត់ការផ្ទុះឡើង នៃជំងឺរាតត្បាតជាសកលថ្មីៗទៀត នាពេលអនាគត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅថ្ងៃសៅរ៍ ទី៣០ ខែតុលា ឆ្នាំ២០២១។

ក្រុមរដ្ឋមន្រ្តី G20 បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍រួមយ៉ាងដូច្នេះថា «ពួកយើងនៅតែមានការប្តេជ្ញាខ្ពស់ ដើម្បីគ្រប់គ្រងស្ថានការណ៍ COVID-19 នៅគ្រប់ទីកន្លែង ឲ្យបានឆាប់តាមតែធ្វើទៅបាន ហើយយកប្រជាជនជាស្នូល នៃការត្រៀមលក្ខណៈ ព្រមទាំងនឹងព្យាយាមពង្រឹង កិច្ចប្រឹងប្រែងរួមរបស់យើង ក្នុងការទប់ស្កាត់ តាមដាន រាយការណ៍ និងឆ្លើយតប ចំពោះភាពអាសន្នសុខាភិបាលនានា »។

ក្រុមរដ្ឋមន្រ្តីខាងលើបានបន្តថា ក្រុមការងារចម្រុះដែលត្រូវបង្កើតឡើង នឹងបង្កើនកិច្ចសហប្រតិបត្តិការជាសកល លើបញ្ហាទាក់ទងទៅនឹង ការបង្ការ ការត្រៀមលក្ខណៈ និងការឆ្លើយតបចំពោះជំងឺឆ្លងរាលដាលសកល ដែលជាលទ្ធផលសហគមន៍អន្តរជាតិ នឹងមានឱកាសត្រៀមខ្លួនបានប្រសើរជាងមុន ក្នុងករណីដែលជំងឺឆ្លងកាចសាហាវដទៃទៀត លេចឡើងនាថ្ងៃអនាគត។

គួរបញ្ជាក់ថា កិច្ចប្រជុំខាងលើត្រូវបានធ្វើឡើង មុនកិច្ចប្រជុំកំពូលរវាងមេដឹកនាំប្រទេស G20 ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០-៣១ ខែតុលា នៅឯទីក្រុងរ៉ូមនៃប្រទេសអ៉ីតាលី៕ ផ្តល់សិទ្ធិដោយ៖ freshnews