ព័ត៌មានអន្តរជាតិ November 12, 2021

រដ្ឋបាលចំណីអាហារនិងឱសថអាមេរិក បានប្រកាសប្រមូលយកមកវិញនូវឧបករណ៍តេស្ដរហ័សរបស់ក្រុមហ៊ុន Ellume ជុំវិញបញ្ហាលទ្ធផលវិជ្ជមានមិនពិត

Khmerpress

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន RT បានឱ្យដឹងថា រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បានប្រកាសប្រមូលយកមកវិញនូវឧបករណ៍តេស្តរហ័ស សម្រាប់រកមើលជំងឺ COVID-19 ចំនួន ២.២ លានឧបករណ៍ ដែលផលិតឡើងដោយក្រុមហ៊ុន Ellume ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី និងជាក្រុមហ៊ុនដំបូងបំផុត ដែលអាចទទួលបានការអនុញ្ញាតពី FDA ចំពោះឧបករណ៍តេស្ដរហ័សរកមើលជំងឺ COVID-19 (វីរុស SARS-CoV-2) របស់ខ្លួន។

ការប្រមូលយកមកវិញនេះ គឺដោយសារឧបករណ៍របស់ Ellume បានបង្ហាញលទ្ធផល «វិជ្ជមានមិនពិត» ឬហៅថា False positive ហើយកន្លងមកក៏មានករណីចំនួន ៣៥ ត្រូវបានគេរាយការណ៍។ ការប្រកាសនេះក៏ជាការបង្គាប់បន្ថែមទៀត ទៅលើការហៅមកវិញចំនួន ២០០,០០០ ឧបករណ៍​ ដែលត្រូវបានប្រកាសកាលពីខែមុន ជាមួយនឹងបញ្ហាដូចគ្នាដដែលនេះ។ FDA បាននិយាយថា ចំពោះអ្នកដែលទទួលបានលទ្ធផលតេស្តអវិជ្ជមានពីការប្រើឧបករណ៍របស់ Ellume មិនត្រូវមានការប៉ះពាល់នោះទេ។

ប៉ុន្តែយ៉ាងណា អ្នកដែលបានទិញឧបករណ៍ធ្វើតេស្តរហ័សរបស់ក្រុមហ៊ុន Ellume គួរតែពិនិត្យមើលផលិតផលរបស់ខ្លួន ដោយធ្វើការបញ្ចូលលេខកូដ (lot) ទៅលើគេហទំព័រ Ellume ដែលនឹងកំណត់ថា តើឧបករណ៍ធ្វើតេស្តនោះរងផលប៉ះពាល់ ឬអត់។ FDA បាននិយាយថា ប្រសិនបើអ្នកប្រើប្រាស់បានទទួលការធ្វើតេស្តវិជ្ជមាន ក្នុងរយៈពេល ២ សប្តាហ៍ចុងក្រោយ ពីឧបករណ៍តេស្ដរហ័សដែលរងផលប៉ះពាល់ ពួកគេគួរតែរកសេវាថែទាំសុខភាពបន្ថែមទៀត ដើម្បីបញ្ជាក់ពីសុខភាពរបស់ពួកគេ ព្រោះថា False positive គឺមានន័យថាជាលទ្ធផលវិជ្ជមាន ដែលអ្នកតេស្ដផ្ទាល់ពុំបានឆ្លងជំងឺនោះទេ៕ ដោយ៖ ខ្មែរណូត