ព័ត៌មានអន្តរជាតិ November 15, 2021

របាយការណ៍មួយបង្ហាញថា ចិនអាចប្រឈមនឹងការរាត្បាតជំងឺកូវីដ ១៩ ប្រភេទ Delta ទ្រង់ទ្រាយធំ

Khmerpress

ចិន៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ចិនអាចប្រឈមនឹងការរាតត្បាតជំងឺកូវីដ ១៩ ប្រភេទ Delta ទ្រង់ទ្រាយធំ ក្រោយចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ ក្នុងសហគមន៍នៅតំបន់ភាគឦសានប្រទេសហាក់កើនឡើងគួរឲ្យគត់សម្គាល់។ បើតាមរបាយការណ៍មួយបានបង្ហាញថា គិតចាប់ពីថ្ងៃទី១៧ ខែតុលា​ មកដល់ត្រឹមថ្ងៃទី១៤ ខែវិច្ឆិកា ម្សិលមិញនេះ នៅតំបន់ភាគឦសានប្រទេសចិនមានករណីចម្លងជំងឺកូវីដ ១៩ នៅក្នុងសហគមន៍ចំនួន ១,៣០៨ករណី ខណៈមួយរដូវក្តៅកន្លងមកនៅទូទាំងប្រទេសចិនមានករណីឆ្លងនៅតាមសហគមន៍ត្រឹម ១,២៨០ ករណីប៉ុណ្ណោះ។

គួរបញ្ជាក់ថា តំបន់ភាគឦសានប្រទេសចិនដែលកំពុងមានការរាត្បាតជំងឺកូវីដ ១៩ នោះមានខេត្តធំៗចំនួន ២១ មានតំបន់និងក្រុងសំខាន់ៗមួយចំនួនទៀត ហើយទីក្រុង Dalian គឺជាទីកន្លែងដែលមានការរាតត្បាតខ្លាំងជាងគេ។ នៅក្នុងអំឡុងពេលនេះអាជ្ញាធរចិនបានកំណត់ឲ្យពលរដ្ឋដែលបានធ្វើដំណើរមកពីក្រុង Dalian ត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃទៀតផង មុននឹងអនុញ្ញាតឲ្យបន្តដំណើរទៅកាន់តំបន់ផ្សេងទៀតនៅក្នុងប្រទេសចិន។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះចិនបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៩៨,៣១៥នាក់ និងស្លាប់សរុបចំនួន ៤,៦៣៦នាក់ផងដែរ៕ ដោយ៖ ខ្មែរណូត