ព័ត៌មានអន្តរជាតិ November 16, 2021

BREAKING :ជំនួបរវាងលោក ស៊ី ជិនពីង និងលោក ចូ បៃដិន៖ «ចិនព្រមានចលនាទាមទារឯករាជ្យតៃវ៉ាន់ មិនឲ្យផ្លោះរំលងបន្ទាត់ក្រហម ខណៈអាមេរិកថា មិនគាំទ្រតៃវ៉ាន់ប្រកាសឯករាជ្យ»

Khmerpress

(វ៉ាស៉ីនតោន)៖ កំលុងជំនួបតាមប្រព័ន្ធវីដេអូប្រមាណជាង ៣ម៉ោង នៅថ្ងៃអង្គារនេះ (ម៉ោងនៅទីក្រុងប៉េកាំង) ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីចិន លោក ស៉ី ជិនពីង បានពិភាក្សាគ្នាអំពីបញ្ហាផ្សេងៗ ក្នុងនោះប្រធានបទក្តៅគគុកបំផុត ត្រូវបានគេមើលឃើញថា ជាបញ្ហាពាក់ព័ន្ធកោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១។

ក្រោយជំនួបខាងលើ សេតវិមានអាមេរិកបានចេញសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «លោកប្រធានាធិបតី ចូ បៃដិន បានលើកឡើងនូវក្តីបារម្ភ អំពីបញ្ហាសិទ្ធិមនុស្សនៅតំបន់ស៉ីនជាំង, តំបន់ទីបេ, និងទីក្រុងហុងកុង ហើយលោកថែមទាំងបានប្រាប់លោក ស៉ី ជិនពីង ថា សហរដ្ឋអាមេរិកនៅតែគោរព គោលនយោបាយចិនតែមួយ ទាក់ទងនឹងតៃវ៉ាន់»។ ក្រៅពីនេះ មេដឹកនាំទាំងពីរ ក៏បានសន្យាធ្វើការជាមួយគ្នា លើបញ្ហាផ្នែកថាមពល និងអាកាសធាតុផងដែរ។

ដោយឡែក បើតាមសេចក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយចិន ពាក់ព័ន្ធនឹងលទ្ធផលនៃជំនួបដដែល លោក ស៉ី ជិនពីង បានបញ្ជាក់ប្រាប់ លោក ចូ បៃដិន វិញថា ប្រទេសចិននឹងចាំបាច់ត្រូវចាត់វិធានការម៉ឺងម៉ាត់ ប្រសិនបើចលនាទាមទារឯករាជ្យរបស់តៃវ៉ាន់ ហ៊ានឈានជើងផ្លោះរំលងខ្សែបន្ទាត់ក្រហម។ លោក ស៉ី ជិនពីង បានសង្កត់ធ្ងន់ប្រាប់លោក បៃដិន ថា ការគាំទ្ររបស់អាមេរិក ចំពោះចលនាឯករាជ្យតៃវ៉ាន់ នឹងប្រៀបដូចជាការប្រលែងលេងជាមួយភ្លើងយ៉ាងដូច្នោះ។

គួរបញ្ជាក់ថា ជាមួយគ្នានេះ មេដឹកនាំនៃប្រទេសមហាអំណាចទាំងពីរ ក៏បានលើកឡើងពីភាពទទួលខុសត្រូវរៀងៗខ្លួន សម្រាប់ពិភពលោក ដើម្បីបញ្ចៀសសង្រ្គាម។ លោក ចូ បៃដិន បានថ្លែងយ៉ាងដូច្នេះថា «សម្រាប់លោក ក្នុងនាមជាមេដឹកនាំចិន និងសហរដ្ឋអាមេរិក គឺត្រូវធានាឲ្យបានថា ការប្រកួតប្រជែងរវាងប្រទេសយើង នឹងមិនប្រែក្លាយទៅជាការផ្ទុះសង្រ្គាមឡើយ»។ ចំណែក លោក ស៉ី ជិនពីង បានថ្លែងថា «ក្នុងនាមជាមហាអំណាច សេដ្ឋកិច្ចធំបំផុតទាំងពីររបស់ពិភពលោក នឹងជាសមាជិកអចិន្រ្តៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ប្រទេសចិន និងសហរដ្ឋអាមេរិក ចាំបាច់ត្រូវបង្កើនការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត»៕ ផ្តល់សិទ្ធិដោយ៖ freshnews