ព័ត៌មានអន្តរជាតិ November 19, 2021

លោក Pacquiao សន្យាចាប់អតីតដៃគូនយោបាយពុករលួយ «ដាក់គុក» ប្រសិនបើលោកជាប់ឆ្នោត ជាប្រធានាធិបតីហ្វីលីពីន

Khmerpress

(ម៉ានីល)៖ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក CNN កាលពីពេលថ្មីៗនេះ អតីតអ្នកប្រដាល់អន្តរជាតិដ៏ល្បីល្បាញ លោក ម៉ាន់នី ប៉ាកគីអៅ (Manny Pacquiao) បានសន្យាថា លោកនឹងបើកការស៊ើបអង្កេតពាក់ព័ន្ធរឿងពុករលួយ ប្រឆាំងអតីតដៃគូនយោបាយរបស់លោកមួយចំនួន នៅក្នុងជួររដ្ឋាភិបាលរបស់ លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) បច្ចុប្បន្ន ប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតីហ្វីលីពីន។ នេះបើតាមការដកស្រង់ព័ត៌មាន នៅរសៀលថ្ងៃសុក្រ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយ CNN ដែលត្រូវបានធ្វើឡើងកាលពីថ្ងៃទី១១ ខែវិច្ឆិកា លោក Pacquiao បានលើកឡើងអំពីផែនការរបស់លោក ក្នុងការស៊ើបអង្កេតសមាជិកមួយចំនួន នៅក្នុងជួររដ្ឋាភិបាលលោក Duterte ដែលនឹងត្រូវផុតអាណត្តិ ក្រោយការបោះឆ្នោតប្រធានាធិបតី នៅឆ្នាំ២០២២ ខាងមុខនេះ។ លោក Pacquiao បានថ្លែងយ៉ាងដូច្នេះ ថា «មន្ត្រីពុករលួយទាំងអស់នោះ គួរតែត្រូវចាប់ដាក់គុក។ វានឹងក្លាយជាមធ្យោបាយតែមួយគត់ ដែលយើងអាចមើលឃើញ កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសរបស់យើង ព្រោះពួកគេជាជំងឺមហារីករបស់ប្រទេសនេះ ដែលជាឧបសគ្គដល់ការអភិវឌ្ឍ»។

គូប្រជែងម្នាក់របស់លោក Pacquiao ដែលកំពុងមានប្រជាប្រិយភាពផងដែរ គឺលោក ហ្វ៊ែរឌីណេន បងបង ម៉ាកូស ជូនៀ (Ferdinand “Bongbong” Marcos Jr.) វ័យ ៦៤ឆ្នាំ ត្រូវជាកូនប្រុសរបស់អតីតមេដឹកនាំផ្តាច់ការហ្វីលីពីន លោក ហ្វ៊ែរឌីណេន ម៉ាកូស ដែលត្រូវបានគេចោទប្រកាន់ថា បានកឹបកេងលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ពីប្រទេសជាតិ អំឡុងការកាន់អំណាចរយៈពេលពីរទសវត្សរ៍កន្លះ ជាពេលដែលមនុស្សរាប់ពាន់នាក់ ត្រូវបានចាប់ដាក់គុក និងធ្វើទារុណកម្ម។

អ្នកជំនាញខ្លះបានគណនាថា ក្រុមគ្រួសារ Marcos បានប្រមែប្រមូលទ្រព្យសម្បត្តិច្រើនជាង ១០ពាន់លានដុល្លារអាមេរិក ក្នុងអំឡុង ពេល ដែលខ្លួនកាន់អំណាចផ្តាច់ការ។ យ៉ាងណាក៏ដោយលោក ម៉ាកូស ជូនៀ បានលើកឡើងថា ការចោទប្រកាន់ជាច្រើនមកលើគ្រួសាររបស់លោកគឺជាការ «បង្កាច់ បង្ខូច» តែប៉ុណ្ណោះ។

សម្រាប់របៀបវារៈនយោបាយរបស់ Pacquiao រួមមានការព្យាយាមយកមកវិញនូវ «ទ្រព្យសម្បត្តិដែលត្រូវបានលួច» មួយចំនួនពីក្រុមគ្រួសារ Marcos ដែលធ្លាប់ត្រូវបាននិរទេសអស់រយៈពេលជាង ៥ឆ្នាំបន្ទាប់ពីបដិវត្តន៍ឆ្នាំ១៩៨៦។ លោក Pacquiao បានសង្កត់ធ្ងន់ជុំវិញបញ្ហានេះយ៉ាងដូច្នេះថា «ខ្ញុំមិនខ្លាចទេ។ នេះជាការតស៊ូរបស់ខ្ញុំដើម្បីផ្តល់ការអភិវឌ្ឍដល់ប្រទេសជាតិរបស់យើង ដោយត្រូវចាប់អ្នកដែលលួចទ្រព្យសម្បត្តិជាតិហ្វីលីពីន ដាក់គុកជាបន្តបន្ទាប់។ ខ្ញុំចង់ឲ្យពួកគេជាប់គុក»។

គួរបញ្ជាក់ថា លោក Manny Pacquiao ត្រូវបានគេមើលឃើញថា មានលទ្ធភាពខ្ពស់ក្នុងការបន្តតំណែង ជាប្រធានាធិបតីហ្វីលីពីន ពីលោក Duterte នៅក្នុងការបោះឆ្នោតសកល ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២។ ទោះបីជាលោក Duterte មានប្រជាប្រិយភាពយ៉ាងណា តែលោកអាចកាន់អំណាចបានតែ ១អាណត្តិប៉ុណ្ណោះ ដែលមានរយៈពេល ៦ឆ្នាំ ដោយសារតែការកំណត់ដោយច្បាប់រដ្ឋធម្មនុញ្ញហ្វីលីពីនថា ប្រធានាធិបតីមួយរូប អាចកាន់អំណាចបានតែមួយអាណត្តិប៉ុណ្ណោះ៕ ផ្តល់សិទ្ធិដោយ៖ freshnews