Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ជប៉ុននឹងបើកមជ្ឈមណ្ឌលធំមួយ នៅទីក្រុងតូក្យូ សម្រាប់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

BY Khmerpress April 27, 2021
ជប៉ុននឹងបើកមជ្ឈមណ្ឌលធំមួយ នៅទីក្រុងតូក្យូ សម្រាប់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

(តូក្យូ)៖ ជប៉ុននឹងបើកមជ្ឈមណ្ឌលធំមួយ នៅកណ្តាលទីក្រុងតូក្យូនាខែក្រោយនេះ សម្រាប់ការចាក់វ៉ាក់សាំង COVID-19 ដើម្បីពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំង ស្របពេលដែលព្រឹត្តិការណ៍អូឡាំពិកកាន់តែកៀកទៅៗ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៧ ខែមេសា ឆ្នាំ២០២១។

លោក Katsunobu Kato រដ្ឋមន្រ្តីខុទ្ទកាល័យ ជប៉ុន បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ការសម្រេចចិត្តមិនទាន់ត្រូវបានធ្វើឡើងនៅឡើយទេ ស្តីពីវ៉ាក់សាំងរបស់ក្រុមហ៊ុនណាដែលនឹងត្រូវប្រើ នៅមជ្ឈមណ្ឌលនោះ ហើយមនុស្សប៉ុន្មាននាក់ នឹងទទួលបានការចាក់វ៉ាក់សាំង ក្នុងមួយថ្ងៃៗ។

ក្រសួងការពារជាតិជប៉ុន បានឲ្យដឹងថា ខ្លួនត្រូវបាននាយករដ្ឋមន្រ្តីជប៉ុន លោក Yoshihide Suga បង្គាប់ឲ្យរៀបចំមជ្ឈមណ្ឌលខាងលើឡើងឲ្យបាន នៅត្រឹមថ្ងៃទី២៤ ខែឧសភា ហើយគ្រោងដំណើរការវារយៈពេល០៣ខែជាជំហានដំបូង។ មជ្ឈមណ្ឌលចាក់វ៉ាក់សាំងធំនោះ ក៏នឹងបម្រើសេវាដល់អ្នកដែលរស់នៅតំបន់ជិតខាងទីក្រុងតូក្យូផងដែរ ដូចជាខេត្ត Saitama, Chiba និង Kanagawa។

បើតាមសារព័ត៌មាន Nikkei និង Kyodo មជ្ឈមណ្ឌលចាក់វ៉ាក់សាំងទីក្រុងតូក្យូនោះ នឹងអាចផ្តល់ការចាក់វ៉ាក់សាំងដល់មនុស្សប្រហែល ១,០០០នាក់ក្នុងមួយថ្ងៃ ហើយរដ្ឋាភិបាលជប៉ុនគ្រោងនឹងប្រើវ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna។ មកទល់ពេលនេះ ជប៉ុនវ៉ាក់សាំងបង្ការ COVID-19 ឲ្យប្រជាជនបានត្រឹម១.៥លាននាក់ ក្នុងចំណោមប្រជាជនសរុប១២៦នាក់ ដោយប្រើវ៉ាក់សាំង Pfizer។

គួរបញ្ជាក់ថា ជប៉ុនកំពុងព្យាយាមគ្រប់គ្រងការឆ្លងរាតត្បាតរលកទី៤ នៃជំងឺ COVID-19 ស្របពេលដែលនៅសល់មិនដល់០៣ខែទៀតទេ ព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ នឹងត្រូវប្រព្រឹត្តទៅហើយ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: