ព័ត៌មានអន្តរជាតិ November 27, 2021

អង្គការសុខភាពពិភពលោកបានដាក់ឈ្មោះឱ្យជំងឺកូវីដ១៩ បំប្លែងខ្លួនថ្មីថា «Omicron» និងចាត់ថ្នាក់វាជាវ៉ារ្យ៉ង់គួរឱ្យបារម្ភ

Khmerpress

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា អង្គការសុខភាពពិភពលោក (WHO) បានសម្រេចដាក់ឈ្មោះជំងឺ COVID-19 បំប្លែងខ្លួនថ្មីថា «Omicron» ហើយចាត់ថ្នាក់វាជាវ៉ារ្យ៉ង់ «គួរឱ្យបារម្ភ» ដែលមានន័យថា ជាវ៉ារ្យ៉ង់មួយ ដែលមានហានិភ័យខ្ពស់ជាងគេក្នុងចំណោមវ៉ារ្យ៉ង់ទាំងអស់។ WHO បាននិយាយថា វាមានការផ្លាស់ប្តូរហ្សែន (Mutations) មួយចំនួនធំ ហើយក៏មានភស្តុតាងដំបូង ដែលបានបង្ហាញពីការលើនឡើង នៃការឆ្លងឡើងវិញរបស់មេរោគផងដែរ។

វ៉ារ្យ៉ង់ Omicron ត្រូវបានរាយការណ៍ជាលើកដំបូងទៅកាន់ WHO ពីអាហ្វ្រិកខាងត្បូងនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ហើយត្រូវបានគេកំណត់អត្តសញ្ញាណផងដែរ នៅក្នុងប្រទេស បូតស្វាណា បែលហ្សិក ហុងកុង និងអ៊ីស្រាអែល។ ឥឡូវនេះប្រទេសមួយចំនួន បានសម្រេចចិត្តហាមឃាត់ ឬរឹតបន្តឹងការធ្វើដំណើរទៅ និងមកពីអាហ្វ្រិកខាងត្បូង។

អ្នកធ្វើដំណើរមកពីអាហ្វ្រិកខាងត្បូង ណាមីប៊ី ហ្ស៊ីមបាវ៉េ បូតស្វាណា ឡេសូថូ និងអេវ៉ាធីនី នឹងមិនអាចចូលចក្រភពអង់គ្លេសបានទេ លុះត្រាតែពួកគេជាជនជាតិអង់គ្លេស ឬអៀរឡង់ ឬអ្នករស់នៅចក្រភពអង់គ្លេស។ ចំណែកមន្ត្រីអាមេរិកបាននិយាយថា ជើងហោះហើរពីអាហ្វ្រិកខាងត្បូង បូតស្វាណា ហ្ស៊ីមបាវ៉េ ណាមីប៊ី ឡេសូថូ អេសវ៉ាទីនី ម៉ូសំប៊ិក និងម៉ាឡាវី នឹងត្រូវបានរារាំងដើម្បីការបង្ការជាមុន ដែលធ្វើឡើងដោយក្រុមមន្ត្រីអាមេរិក ហើយវានឹងចូលជាធរមាននៅថ្ងៃចន្ទ៕ ដោយ៖ ខ្មែរណូត