ពេលប្រឡងបាក់ឌុប បុគ្គលិកអប់រំទាំងអស់ មិនថាគ្រូ ឬអនុរក្ស បើប្រព្រឹត្តទង្វើទាំងអស់នេះ អាចនឹងត្រូវទទួលទណ្ឌកម្ម
នៅសល់តែ១១ថ្ងៃទៀតប៉ុណ្ណោះ ដំណើរការ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬប្រឡងបាក់ឌុប នឹងចាប់ផ្តើម ដោយធ្វើឡើងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ។ ខណៈការប្រឡងកាន់តែខិតជិតមកដល់ ក្រសួងអប់រំ បានធ្វើការបង្ហាញពីសកម្មភាពមួយចំនួន ដែលបុគ្គលិកអប់រំ មិនត្រូវប្រព្រឹត្តនៅក្នុងការប្រឡង បើមិនដូច្នោះទេនឹងត្រូវទទួលទណ្ឌកម្ម
ក. ការប្រព្រឹត្តសកម្មភាពមិនត្រឹមត្រូវក្នុងដំណើរការទូទៅនៃការប្រឡង
+ បង្កើតបណ្តាញស្វែងរកផលកម្រៃពីការប្រឡង
+ យកទូរស័ព្ទ ឬឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡងខុសពីគោលការណ៍ណែនាំរបស់ក្រសួង
+ ផ្តល់ ឬទទួលប្រាក់ដើម្បីរៀបចំបែងចែកតួនាទីក្នុងគណៈកម្មការនានា
+ ជួយលាក់កំបាំងទង្វើខុសឆ្គងគណៈមេប្រយោគ ឬគណៈកម្មការប្រឡង
+ ចូលរួម ឬឱ្យអ្នកផ្សេងធ្វើគណៈមេបយោគជំនួស
+ មិនចូលរួមប្រជុំដោយគ្មានមូលហេតុ និង ឬមិនអនុវត្តតាមការណែនាំ បច្ចេកទេសប្រឡង
+ មិនបានអនុវត្តពេញលេញតាមភារកិច្ចគណៈមេប្រយោគ និងគណៈកម្មការផ្សេងៗ ដូចមានចែងក្នុងកម្រងភារកិច្ចរបស់គណៈ មេប្រយោគ តាមការកំណត់របស់ក្រសួង។
ខ. ការប្រព្រឹត្តសកម្មភាពមិនត្រឹមត្រូវក្នុងដំណើរតាមមណ្ឌលសំណេរ
+ អនុញ្ញាតឱ្យបេក្ខជនចម្លងកិច្ចការគ្នា ឬការពារបេក្ខជនឱ្យចម្លង សំណៅឯកសារ
+ គំរាម ឬសម្លុតបេក្ខជនក្នុងពេលប្រឡង
+ ធ្វើ ឬយកចម្លើយវិញ្ញាសាឱ្យបេក្ខជន
+ បង្គាប់បញ្ជាឱ្យអ្នកដទៃធ្វើចម្លើយវិញ្ញសា
+ អនុញ្ញាតឱ្យបេក្ខជនយកសំណៅឯកសារ និងឧបករណ៍អេឡិចត្រូនិក គ្រប់ប្រភេទចូលក្នុងបន្ទប់ប្រឡង
+ អនុញ្ញាតឱ្យបេក្ខជននិយាយឆ្លើយឆ្លងគ្នា ឬដើរពីតុមួយទៅតុមួយ
+ យកសំណៅឯកសារពីអ្នកដទៃ ឬពីបេក្ខជនម្នាក់ទៅឱ្យបេក្ខជន ម្នាក់ទៀតចម្លង
+ ធ្វើឱ្យរំខានដល់បេក្ខជនក្នុងពេលប្រឡង
+ ប្តូរប្លង់តុឱ្យបេក្ខជនខុសពីការកំណត់របស់គណៈមេប្រយោគ។
គ. ការប្រព្រឹត្តសកម្មភាពមិនត្រឹមត្រូវក្នុងដំណើរមណ្ឌលកំណែ
+ មិនកែតាមអត្រាកំណែដែលបានសម្រេច
+ ដើរចេញទៅក្រុមកំណែផ្សេងខុសពីក្រុមរបស់ខ្លួន
+ រំខានអ្នកដទៃក្នុងដំណើរការកំណែ
+ ដាក់ពិន្ទុខុសប្រក្រតីក្នុងការកែសន្លឹកកិច្ចការបេក្ខជន
+ បញ្ចូល ឬបង្ហោះអត្រាកំណែ កិច្ចការបេក្ខជន ឯកសារប្រឡងផ្សេងៗទៀតតាមបណ្តាញសង្គមនានាក្នុងពេលដំណើរការកំណែ។
ឃ. ការប្រព្រឹត្តសកម្មភាពមិនត្រឹមត្រូវក្នុងដំណើរការស្រង់បូកនិងប្រកាសលទ្ធផល
+ ផ្ទៀងផ្ទាត់ពិន្ទុមិនបានត្រឹមត្រូវ។

