ព័ត៌មានអន្តរជាតិ December 31, 2021

ក្រុមអ្នកជំនាញ និងអភិបាលរដ្ឋនៅអាមេរិក ព្រមានពីព្យុះកំណាច «អូមីក្រុង» និងត្រៀមអនុម័តវ៉ាក់សាំង «ដូសជំរុញ» សម្រាប់ក្មេងជំទង់

Khmerpress

(វ៉ាស៊ីនតោន)៖ ក្រុមអ្នកជំនាញផ្នែកសុខាភិបាល និងអភិបាលរដ្ឋនានានៃសហរដ្ឋអាមេរិក បានចេញសេចក្តីព្រមានធ្ងន់ៗដូចគ្នា នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយជំរុញពលរដ្ឋអាមេរិកាំងទាំងអស់ ត្រៀមខ្លួនឲ្យបានរួចរាល់ សម្រាប់ស្ថានភាពធ្ងន់ធ្ងរនៃព្យុះរលកបោកបក់ បង្កឡើងដោយមេរោគបំប្លែងថ្មី អូមីក្រុង (Omicron) ដែលបានគំរាមកំហែងមន្ទីរពេទ្យ, សាលារៀន និងវិស័យផ្សេងៗទៀត ជាពិសេសគឺកំពុងប៉ះពាល់ដល់ ជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃសុក្រ ទី៣១ ខែធ្នូ ឆ្នាំ២០២១។

ការព្រមានខាងលើនេះបានកើតមានឡើង បន្ទាប់ពីរបាយការណ៍ឆ្លងរាតត្បាតជំងឺ COVID-19 ប្រចាំថ្ងៃនៅទូទាំងសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានបង្ហាញអំពីចំនួនអ្នកឆ្លងរហូតដល់ទៅជាង ៤សែននាក់ ហើយភាគច្រើន គឺត្រូវបានបង្កឡើងដោយ Omicron។ មន្ត្រីរដ្ឋាភិបាលសហព័ន្ធអាមេរិក ទើបតែបានចេញសារព្រមានបន្ថែម អំពីការធ្វើចរាចរណ៍ទូទៅ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត ខណៈអាជ្ញាធរសុខាភិបាល ក៏កំពុងត្រៀមអនុម័ត វ៉ាក់សាំងបង្ការ COVID-19 «ដូសជំរុញ» សម្រាប់ក្មេងជំទង់អាយុចាប់ពី ១២ឆ្នាំ ដល់ ១៥ឆ្នាំ ផងដែរ។

បើគិតជាភាគរយវិញ អំលុងពេល ៧ថ្ងៃមកនេះ សហរដ្ឋអាមេរិកបានមើលឃើញករណីឆ្លង COVID-19 ជាមធ្យមជិត ៣០០,០០០នាក់ក្នុងមួយថ្ងៃ ដែលជាអត្រាឆ្លងប្រចាំថ្ងៃខ្ពស់់ជាងគេបំផុត នៅលើពិភពលោក ខណៈប្រទេសបារាំង និងចក្រភពអង់គ្លេស ក៏បានមើលឃើញករណីឆ្លងរហូតដល់ខ្ទង់រាប់សែននាក់ នៅក្នុងមួយថ្ងៃផងដែរ។

គួរបញ្ជាក់ថា នៅចំពោះមុខដំណើរកម្សាន្តឆ្លងឆ្នាំដែលកំពុងបន្ត និងរដូវរងាទៀតនោះ អាជ្ញាធរអាមេរិកបានព្រមានទុកជាមុនថា ចំនួនករណីឆ្លង COVID-19 ប្រចាំថ្ងៃនឹងកាន់តែកើនឡើង នៅប៉ុន្មានសប្តាហ៍ខាងមុន។ នៅក្នុងសប្តាហ៍នេះដែរ អ្នកជំនាញកំពូលផ្នែកជំងឺនៃសហរដ្ឋអាមេរិក លោក អាន់ថូនី ហ្វាវស៊ី (Anthony Fauci) បានព្យាករថា ការរាតត្បាត Omicron នឹងឈានដល់ចំណុចកំពូល នៅដំណាច់់ខែមករា ឆ្នាំ២០២២៕ ផ្តល់សិទ្ធិដោយ៖ freshnews