ព័ត៌មានអន្តរជាតិ January 12, 2022

លោកនាយករដ្ឋមន្ត្រីថៃបង្ហាញពីការព្រួយបារម្ភជុំវិញបញ្ហាមន្ទីរពេទ្យមិនទទួលព្យាបាលអ្នកជំងឺកូវីដ-១៩ ជាកុមារ

Khmerpress

លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានបង្ហាញនូវក្តីបារម្ភយ៉ាងខ្លាំងជុំវិញបញ្ហាមន្ទីរពេទ្យមិនទទួលព្យាបាលអ្នកជំងឺកូវីដ ១៩ ជាកុមារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន National Thailand។ ក្តីបារម្ភរបស់លោកនាយករដ្ឋមន្ត្រីថៃនៅពេលនេះគឺបានកើតឡើង បន្ទាប់ពីរូបគាត់ទទួលបានរបាយការណ៍មួយដែលបង្ហាញថា មន្ទីរពេទ្យជាច្រើនមិនចង់ទទួលយកអ្នកជំងឺកូវីដ ១៩ ជាកុមារទៅព្យាបាលនោះទេ ព្រោះមន្ទីរពេទ្យទាំងនោះហាក់មិនសូវមានបទពិសោធន៍ព្យាបាលកុមារដែលមានជំងឺកូវីដ ១៩។

ឆ្លើយតបនឹងបញ្ហានេះលោកនាយករដ្ឋមន្ត្រីថៃ បានអំពាវនាវឲ្យគ្រប់មន្ទីរពេទ្យទាំងអស់ទាំងមន្ទីរពេទ្យឯកជននិងមន្ទីរពេទ្យរដ្ឋត្រូវទទួលព្យាបាលអ្នកជំងឺកូវីដ ១៩ ជាកុមារឲ្យបានឆាប់រហ័សតាមតែអាចធ្វើទៅបាន ត្បិតកុមារគឺជាក្រុមមនុស្សដែលមានប្រព័ន្ធការពាររាងកាយខ្សោយនិងងាយរងគ្រោះដោយជំងឺកូវីដ ១៩ ជាទីបំផុត។ ជាមួយគ្នានេះលោក ប្រាយុទ្ធ ចាន់អូចា បានចេញបទបញ្ជាឲ្យមន្ទីរពេទ្យ Queen Sirikit National Institute of Child Health ដែលជាមន្ទីរពេទ្យឯកទេសកុមារត្រូវផ្តល់ការណែនាំអំពីរបៀបធ្វើតេស្តនិងព្យាបាលជំងឺកូវីដ ១៩ ចំពោះកុមារទៅកាន់គ្រប់មន្ទីរពេទ្យនៅទូទាំងប្រទេសផងដែរ ដើម្បីឲ្យមន្ទីរពេទ្យទាំងអស់នោះមានទំនុកចិត្តខ្ពស់ក្នុងការព្យាបាលអ្នកជំងឺកូវីដ ១៩ ជាកុមារ៕ ដោយ៖ ខ្មែរណូត