មហាសេដ្ឋីរុស្ស៉ី ១រូបបង្ហើបថា លោហៈធាតុមួយប្រភេទ នឹងក្លាយជាមាសទី២ ហើយមានតម្រូវការខ្លាំងនាពេលអនាគត
មហាសេដ្ឋីរុស្ស៉ី Alisher Usmanov ជឿជាក់លើលោហៈធាតុមួយប្រភេទ នឹងក្លាយជាមាសទី២ ហើយមានតម្រូវការខ្លាំងនាពេលអនាគត នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន euroweeklynews។ មហាសេដ្ឋីជនជាតិរុស្ស៉ីដែលមានដើមកំណើតនៅ Uzbek រូបនេះ បានចេញផ្សាយអត្ថបទនៅលើគេហទំព័រនៃវេទិកាសេដ្ឋកិច្ចពិភពលោកថា លោហៈធាតុ ទង់ដែង នឹងក្លាយជាមាសថ្មីដោយសារតែការកើនឡើងនៃតម្រូវការសកល។
លោក Alisher Usmanov ជឿថាទង់ដែង គឺជា “លោហៈនៃអនាគត” និងជា “មាសថ្មី” ។ យោងតាមមហាសេដ្ឋីរូបនេះ មានអតុល្យភាពរវាងការផ្តល់ជូន និងតម្រូវការទង់ដែងនៅលើទីផ្សារក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ បន្ទាប់ពីមានការប្រែប្រួលជាច្រើន តម្លៃទង់ដែងមានស្ថិរភាពនៅចន្លោះខែឧសភា និងខែតុលា ឆ្នាំ២០២១ ក្នុងតម្លៃប្រហែល ១១,០០០ ដុល្លារក្នុងមួយតោន។
ទោះជាយ៉ាងណាក៏ដោយ តម្លៃមើលទៅនឹងកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ដោយសារ “តួនាទីមិនអាចខ្វះបាន” នៃទង់ដែងនៅក្នុងសេដ្ឋកិច្ច និងឧស្សាហកម្មដែលមានកាបូនទាប ដូចជាទូរគមនាគមន៍ រថយន្តអគ្គិសនី ប្រព័ន្ធថាមពលកកើតឡើងវិញ និងការចាប់យកកាបូន និងការផ្ទុក។ គួរបញ្ជាក់ថា តម្លៃនៃទង់ដែងក៏ផ្អែកលើកត្តាផ្សេងទៀតដែរ ហើយវាត្រូវបានគេព្យាករណ៍ថា តម្រូវការទង់ដែងនឹងគុណនឹង ២.៧ នៅឆ្នាំ២០៤០៕ ដោយ៖ ខ្មែរណូត



Copper wire raw materials and metals industry and stock market concept

