ព័ត៌មានអន្តរជាតិ February 6, 2022

«កម្ពុជាឡើងមកចំណាត់ថ្នាក់លេខ២ ក្នុងសន្ទស្សន៍ស្តីពីការងើបចេញពីវីរុសកូវីដ១៩ របស់ Nikkei» ខណៈប្រទេសក្នុងតំបន់ យកជាគំរូក្នុងការអនុវត្តវិធានការ

Khmerpress

(ភ្នំពេញ)៖ «ប្រទេសកម្ពុជា បានឡើងមកឈរនៅចំណាត់ថ្នាក់លេខ២ ក្នុងសន្ទស្សន៍នៃការងើបឡើងវិញ ចេញពីវីរុស Covid-19 នៅលើគេហទំព័រ Nikkei (COVID-19 Recovery Index)» បន្ទាប់ពីប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានប្រកាសថា «ខ្លួននឹងចាប់ផ្តើមរៀនរស់នៅជាមួយវីរុសរាតត្បាតនេះកាលពី៣ខែមុន»។ ទន្ទឹមនឹងនេះដែរ ប្រទេសហ្វីលីពីនបានធ្លាក់ចុះពីចំណាត់ថ្នាក់លេខ៤៥ ទៅនៅចំណាត់ថ្នាក់១០៤វិញ បន្ទាប់ពីវីរុសទម្រង់ Omicron បានបង្កឱ្យមានការផ្ទុះឡើងនូវករណីឆ្លងយ៉ាងច្រើន។

សន្ទស្សន៍នេះបានធ្វើការវាយតម្លៃប្រទេស និងតំបន់លើការគ្រប់គ្រងការឆ្លងវីរុស ការចាក់វ៉ាក់សាំង និងការចល័តទីនៅក្នុងសង្គម។ ចំណាត់ថ្នាក់កាន់តែខ្ពស់មានន័យថា ទីកន្លែងនោះបានងាកទៅកាន់តែជិតនឹងការងើបចេញពីវីរុស ដោយសារករណីឆ្លងមានចំនួនតិចជាងមុន ហើយអត្រានៃការចាក់វ៉ាក់សាំងកាន់តែច្រើន និងវិធានការរក្សាគម្លាតសង្គមមិនសូវតឹងរ៉ឹងខ្លាំង។

កម្ពុជាបាននិងកំពុងដើរទៅមុខជាលំដាប់ នៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយក្នុងនោះកម្ពុជាបានរាយការណ៍អំពីករណីឆ្លងតិចជាង១០០០ករណីនៅក្នុងខែមករា និងមិនមានអ្នកស្លាប់ដោយសារវីរុស Covid-19 នោះទេ នៅក្នុងរយៈពេល១ខែកន្លងមកនេះ។

ការផ្ទុះឡើងដ៏ធំនៃករណីឆ្លងដែលបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ២០២១ បានបន្តអូសបន្លាយអស់រយៈពេលជាច្រើនខែ និងបានបង្កផលប៉ះពាល់ដល់វិស័យសុខភាពសាធារណៈ និងបានបង្កឱ្យយមានការបិទខ្ទប់ប្រទេសជា
ទ្រង់ទ្រាយធំ។ ទោះជាយ៉ាងណាក៏ដោយកម្ពុជាបានបន្តជំរុញយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួន ដោយបានពឹងផ្អែកជាចម្បង លើវ៉ាក់សាំង ដែលផលិតដោយប្រទេសចិន។ គិតត្រឹមខែវិច្ឆិកា ការចាក់វ៉ាក់សាំងរបស់កម្ពុជាបានដើរលឿនជាងគោលដៅដែលបានកំណត់ ដែលជាហេតុជំរុញឱ្យ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឱ្យបើកដំណើរការប្រទេសឡើងវិញទាំងស្រុង។ ក្រោយមកនៅក្នុងខែដដែលនោះ កម្ពុជាបានក្លាយជាសមាជិកអាស៊ានដំបូងគេដែល បានលើកលែងការធ្វើចត្តាឡីស័កលើអ្នកធ្វើដំណើរពីបរទេស ដែលបានចាក់វ៉ាក់សាំងពេញលេញ។

របាយការណ៍របស់អង្គការសុខភាពពិភពលោកដែលចុះថ្ងៃទី២៤ ខែមករា បានឱ្យដឹងថា «៩៨.៥% នៃមនុស្សពេញវ័យរបស់កម្ពុជា និង ៩៦.៨% នៃកុមារ ដែលមានអាយុចាប់ពី៥ឆ្នាំឡើងទៅ បានទទួលវ៉ាក់សាំង Covid-19 ចំនួន ២ដូស ខណៈដែលប្រជាជនពេញវ័យជិតពាក់កណ្តាលបានទទួលវ៉ាក់សាំងដូសជំរុញរួចរាល់»។របាយការណ៍ដដែលនោះ បានឱ្យដឹងទៀតថា «ប្រហែល៨៥% នៃវ៉ាក់សាំងចំនួន ៤៣.៥ លានដូសដែលកម្ពុជាមាន គឺទទួលបានពីការបញ្ជាទិញពីចិន ឬទទួលបានពីការបរិច្ចាគពីប្រទេសចិន»។

ការសិក្សាមួយចំនួនបានលើកឡើងអំពីការព្រួយបារម្ភអំពីប្រសិទ្ធភាពរបស់វ៉ាក់សាំងចិន ប្រឆាំងនឹងវីរុសទម្រង់ថ្មីៗ ដូចជាវីរុសទម្រង់ Omicron ជាដើម។ រហូតមកដល់ពេលនេះ កម្ពុជាបានរាយការណ៍អំពីករណីឆ្លងដែលបង្កឡើងដោយ វីរុសទម្រង់ Omicron ប្រមាណ១០០ករណី (យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយ)។

ផ្ទុយទៅវិញ ប្រទេសហ្វីលីពីន អាចចាក់វ៉ាក់សាំង Covid-19 បានត្រឹមតែ ៥៣% នៃចំនួនប្រជាជនសរុបរបស់ខ្លួនប៉ុណ្ណោះ ដោយក្នុងនោះតិចជាង ៧% បានទទួលវ៉ាក់សាំងដូសជំរុញ បើគិតត្រឹមចុងខែមករា (យោងតាមគេហទំព័រស្ថិតិ Our World in Data)។ វីរុសទម្រង់ Omicron ដែលមានសមត្ថភាពចម្លងកាន់តែលឿនរហ័សបានវាយប្រហារប្រទេសហ្វីលីពីនយ៉ាងធ្ងន់ធ្ងរ ដោយក្នុងនោះករណីឆ្លងប្រចាំថ្ងៃបានកើនឡើងដល់កម្រិតខ្ពស់បំផុតចំនួន ៣៩,០០៤នៅថ្ងៃទី១៥ ខែមករា ដែលបានកើនពីចំនួន ១៦៨ករណីនៅថ្ងៃទី២១ ខែធ្នូ។ ប៉ុន្តែចាប់តាំងពីពេលនោះមក ការផ្ទុះឡើងបានចាប់ផ្តើមធូរស្រាលបន្តិចហើយ។ មន្ត្រីហ្វីលីពីនបាន និយាយថា «ករណីភាគច្រើនគឺជាករណីស្រាល» ហើយកាលពីថ្ងៃព្រហស្បតិ៍ ករណីឆ្លងប្រចាំថ្ងៃបានធ្លាក់ចុះមកនៅត្រឹម ៨,៧០០ ករណី។ ប្រទេសហ្វីលីពីន គ្រោងនឹងចាប់ផ្តើមចាក់វ៉ាក់សាំងដល់កុមារដែលមានអាយុចាប់ពី៥ឆ្នាំ ដល់ ១១ឆ្នាំ នៅថ្ងៃចន្ទខាងមុខនេះ។

«ជាមួយនឹងការដើរតាមគន្លងរបស់កម្ពុជា» ប្រទេសហ្វីលីពីន នឹងចាប់ផ្តើមទទួលស្វាគមន៍ភ្ញៀវទេសចរបរទេសដែល បានចាក់វ៉ាក់សាំងពេញលេញពី ១៥៧ប្រទេសនៅថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ ដោយមិនបានលើកឡើងអំពីរយៈពេលនៃការធ្វើចត្តាឡីស័កឡើយ។

ដោយផ្អែកលើចំណាត់ថ្នាក់ខ្ពស់របស់ពួកគេនៅក្នុងសន្ទស្សន៍នេះ បណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិកផ្សេងទៀត ក៏បាននិងកំពុងត្រៀមខ្លួនដើម្បីចាត់វិធានការស្រដៀងគ្នានេះដែរ ដោយក្នុងនោះ ប្រទេសថ ដែលកាលពីថ្ងៃអង្គារ បានចាប់ផ្តើមអនុញ្ញាតឡើងវិញ ឱ្យមានការចូលមកក្នុងប្រទេសដោយមិនចាំបាច់ធ្វើចត្តាឡីស័កបាន កើនឡើង ចំណាត់ថ្នាក់ពីលេខ១១ ដល់លេខ១៩ ខណៈដែលប្រទេសនូវែលសេឡង់ ដែលស្ថិតនៅលេខរៀងទី១២ ក៏បាន ប្រកាសពីការបើកឡើងវិញជាដំណាក់កាលផងដែរ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។

ប្រទេសវៀតណាម ដែលនៅតែប្រឈមមុខនឹងករណីឆ្លងដ៏ខ្ពស់ កំពុងចាប់ផ្តើមងើបឡើងវិញ ដោយបានស្ថិតនៅលេខរៀងទី៩០ ហើយប្រទេសនេះក៏កំពុងឆ្ពោះទៅរកការរៀនរស់នៅជាមួយវីរុសផងដែរ បន្ទាប់ពីបានបន្ធូរបន្ថយច្បាប់រឹតបន្តឹងសម្រាប់ជនបរទេស និងពលករបរទេសកាលពីចុងខែមុន។

តៃវ៉ាន់បានឡើងដល់ចំណាត់ថ្នាក់កំពូលជាមួយនឹងពិន្ទុសរុប៨២ ក្នុងចំណោមពិន្ទុ១០០។ តៃវ៉ាន់បានបាត់បង់ ៦ពិន្ទុនៅក្នុងសកម្មភាពហោះហើរ ដោយក្នុងនោះ ចំនួនភ្ញៀវអន្តរជាតិនៅតែបន្តធ្លាក់ចុះ ៨០% នៅក្នុងខែមករា បើប្រៀបធៀបទៅនឹងកម្រិតមុនពេលកើតមានការរាតត្បាតនៃវីរុស។

ប្រទេសចិន បានស្ថិតនៅលេខរៀងទី៤ ខណៈដែលប្រទេសនេះបាន និងកំពុងរៀបចំកីឡាអូឡាំពិករដូវរងារ ដែលបានចាប់ផ្តើមកាលពីថ្ងៃសុក្រ។ ការផ្ទុះឡើងនូវករណីឆ្លងក្នុងសហគមន៍ ដែលបានកើតឡើង នៅក្នុងខេត្តមួយចំនួនបូករួមនឹងការមកដល់នៃវីរុសទម្រង់ Omicron បានធ្វើឱ្យប្រទេសចិនប្រឈមមុខនឹងការលំបាកកាន់តែខ្លាំង ក្នុងការបន្តអនុវត្តវិធីសាស្រ្ត «Zero-COVID» ដ៏តឹងរ៉ឹងរបស់ខ្លួន។

ជប៉ុនបានធ្លាក់ពីចំណាត់ទី៥៥មក នៅលេខរៀងទី៦៧ បន្ទាប់ពីករណីឆ្លងប្រចាំថ្ងៃបានកើនលើស ១០០,០០០ ជាលើកដំបូង កាលពីថ្ងៃព្រហស្បតិ៍ ខណៈពេលដែលដំណើរការចាក់វ៉ាក់សាំងបង្ការ នៅតែមានសភាពយឺតយ៉ាវ។ ទីក្រុងតូក្យូតែមួយ បានរាយការណ៍ពីករណីឆ្លងជាង ២០,០០០ ករណី ក្នុងរយៈពេល ២ ថ្ងៃជាប់ៗគ្នា។ ក៏ប៉ុន្តែរដ្ឋាភិបាល នៅមិនទាន់បានដាក់ ចេញនូវស្ថានភាពអាសន្នពេញលេញ នៅដំណាក់កាលនេះ ទេ ដោយសារតែហានិភ័យទាប នៃការចេញរោគសញ្ញាធ្ងន់ធ្ងរ ដែលបង្កឡើងដោយវីរុសទម្រង់ Omicron៕ ផ្តល់សិទ្ធិដោយ៖ Freshnews