កុំចេះតែហ៊ាន! ខឹងគេមិនព្រមជល់កែវស្រាជាមួយ បុរសម្នាក់លើកដៃចាក់ស្រាស្រោចខ្លួនស្រីស្អាត ដែលជាគ្រូបង្វឹកប្រដាល់មួយថៃ
បុរសរស់នៅទីក្រុងបាងកកម្នាក់បានទទួលរង្វាន់ពិសេសជាទីគាប់ចិត្ត បន្ទាប់ពីគាត់បានចាក់ស្រាបៀរស្រោចខ្លួនស្រីស្អាតម្នាក់ ដែលជាអ្នកប្រដាល់ និងជាគ្រូបង្វឹកប្រដាល់មួយថៃ (Muay Thai)។ វីដេអូមួយ ដែលត្រូវបានបង្ហោះទៅលើបណ្ដាញផ្សព្វផ្សាយបានបង្ហាញថា កីឡាការនី Pareploy Saeaia អាយុ ២៤ឆ្នាំ បានទាត់ ដាល់ និងរុញបុរសដែលជាជនបង្ករឿង ខណៈបុរសម្នាក់នោះវិញ មើលទៅហាក់ដូចជាស្រឡាំងកាំង នៅពេលដែលខាងជនរងគ្រោះមានកម្លាំងខ្លាំងជាង។ នៅក្នុងវីដេអូឃ្លីបបង្ហាញថា កីឡាការនី Pareploy ស្ថិតក្នុងស្ថានភាពសើមជោគ ដោយសារបុរសនោះបានចាក់ស្រាបៀរលើនាង នៅពេលដែលនាងបដិសេធមិនព្រមជល់កែវស្រាជាមួយ។
កីឡាការនី Pareploy ក៏បានចែករំលែកឃ្លីបនោះនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន ហើយបានសរសេរថា៖«ប្រសិនបើរឿងនេះកើតឡើងចំពោះស្ត្រីផ្សេងទៀត ពួកគេអាចជ្រើសរើសមិនឆ្លើយតប។ ម្នាក់នេះច្រឡំធំហើយ ព្រោះខ្ញុំជាអ្នកប្រដាល់»។
ប្រភពព័ត៌មាន បាងកកប៉ុស្តិ៍ បានឱ្យដឹងថា នៅមុនពេលកើតហេតុ Pareploy កំពុងជួបជុំហូបអាហារពេលល្ងាចជាមួយមិត្តភ័ក្តិ នៅហាងលក់អាហារមួយកន្លែងក្នុងសង្កាត់ Huai Kwang (ហួយក្វាង) ក្នុងទីក្រុងបាងកក។ បន្ទាប់មកបុរសបង្កជម្លោះបានចូលទៅជិតនាង ហើយបានសុំឱ្យនាងជល់កែវស្រាជាមួយ ប៉ុន្តែនាងបដិសេធ។ រហូតដល់ ៥នាទី ក្រោយមក បុរសនោះត្រឡប់មកជិតនាងម្ដងទៀត ហើយក៏ចាក់ស្រាស្រោចខ្លួននាងតែម្ដង ដែលធ្វើឱ្យកីឡាការនី Pareploy ទ្រាំមិនបាន ទើបប្រដៅបុរសជាអ្នកបង្ករឿងនោះវិញ។ នៅក្នុងឃ្លីបបង្ហាញថា បុរសនោះមិនបានវាយតបវិញទេ ប៉ុន្តែរូបគេក៏មិនសុំទោសកីឡាការនី Pareploy នោះដែរ។
យ៉ាងណាក៏ដោយអ្នកទាំង ២ ត្រូវបានប៉ុស្តិ៍ប៉ូលីស Huai Kwang កោះហៅមកណែនាំ និងបានសុំទោសគ្នាទៅវិញទៅមក ហើយម្នាក់ៗត្រូវបង់ថ្លៃផាកពិន័យ ១,០០០ បាត។ គួរឱ្យដឹងដែរថា Pareploy ធ្វើការជាគ្រូបង្វឹកប្រដាល់មួយថៃ ដោយធ្លាប់ជាអ្នកប្រដាល់តាំងពីក្មេង។ រហូតមកដល់ពេលនេះ នាងបានចូលរួមក្នុងការប្រកួតចំនួន ៥០ ដង ដោយឈ្នះចំនួន ៤០ លើក។ នាងក៏ធ្លាប់ឈ្នះមេដាយថ្នាក់ជាតិ កាលពីឆ្នាំ២០១៣ ផងដែរ៕ ដោយ៖ ខ្មែរណូត


