រដ្ឋជាច្រើននៅសហរដ្ឋអាមេរិក កំពុងលុបចោលនូវច្បាប់ដែលតម្រូវឱ្យពលរដ្ឋត្រូវតែពាក់ម៉ាស់
អភិបាលរដ្ឋនៅក្នុងរដ្ឋសេរីនិយមរបស់សហរដ្ឋអាមេរិក កំពុងចូលរួមជាមួយពួកអភិរក្សនិយមក្នុងការលុបចោលច្បាប់ ដែលតម្រូវឱ្យពលរដ្ឋនៅអាមេរិកត្រូវតែពាក់ម៉ាស់។ អភិបាលក្រុងញូវយ៉កលោកស្រី Kathy Hochul បានប្រកាសកាលពីថ្ងៃពុធថា លោកស្រីនឹងអនុញ្ញាតឱ្យការពាក់ម៉ាស់ជាកាតព្វកិច្ច ត្រូវបញ្ចប់ភ្លាមៗនៅថ្ងៃដែលប្រកាសនោះតែម្ដង។ ប៉ុន្តែយ៉ាងណា លោកស្រី Hochul បានបញ្ជាឱ្យអាជីវកម្មនានា ត្រូវសាកសួរអតិថិជនចំពោះភស្តុតាងនៃការចាក់ថ្នាំបង្ការ ឬតម្រូវឱ្យពួកគេពាក់ម៉ាស។
ដូច្នេះម្ចាស់អាជីវកម្មនឹងអាចជ្រើសរើសគោលការណ៍ផ្ទាល់ខ្លួនរបស់ពួកគេ ហើយអ្នកស្រុកនឹងនៅតែត្រូវពាក់ម៉ាស់នៅពេលធ្វើដំណើរសាធារណៈដូចសិស្សក្នុងថ្នាក់រៀនដែរ។ អភិបាលក្នុងរដ្ឋជាច្រើនបានឃើញចំនួនករណីធ្លាក់ចុះ ខណៈអ្នកដែលនៅរដ្ឋកាលីហ្វ័រញ៉ា ម៉ាសសាឈូសេត និងកន្លែងផ្សេងទៀត កំពុងបន្ធូរបន្ថយការរឹតត្បឹតរបស់ខ្លួន។ ថ្វីបើករណីមានការថយចុះ នាយកមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺបានចង្អុលបង្ហាញថា ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងអត្រាមរណភាពនៅតែមានកម្រិតខ្ពស់។ ហើយនាយក CDC លោកស្រី Rochelle Walensky បានណែនាំថា វាលឿនពេកក្នុងការបញ្ឈប់ការពាក់ម៉ាស់នៅកន្លែងសាធារណៈ៕ ដោយ៖ ខ្មែរណូត



