អង្គការសុខភាពពិភពលោករំពឹងថា ជំងឺកូវីដ១៩ វ៉ារ្យ៉ង់អូមីក្រុង BA.2 នឹងចរាចរកាន់តែឆាប់រហ័ស ហើយក្លាយជាប្រភេទមេរោគទូទៅបំផុតរបស់ពិភពលោក
អង្គការសុខភាពពិភពលោករំពឹងថា ជំងឺ COVID-19 បំប្លែងខ្លួនអូមីក្រុង BA.2 អាចនឹងមានចរាចរកាន់តែច្រើនជុំវិញពិភពលោក បើទោះបីជាវាមិនទាន់ច្បាស់ថា តើប្រភេទ BA.2 នេះអាចឆ្លងឡើងវិញ ចំពោះអ្នកដែលធ្លាប់ឆ្លងជំងឺ COVID-19 ប្រភេទដើមក៏ដោយ។ លោកស្រី Maria Van Kerkhove ដែលជាអ្នកដឹកនាំបច្ចេកទេសទទួលបន្ទុកជំងឺ COVID-19 របស់អង្គការសុខភាពពិភពលោក បាននិយាយកាលពីថ្ងៃអង្គារថា ទីភ្នាក់ងារសុខភាពពិភពលោកកំពុងតាមដានកំណែចំនួន ៤ ផ្សេងគ្នារបស់អូមីក្រុង ហើយបានបន្ថែមថា BA.2 ដែលជាប្រភេទឆ្លងច្រើនជាង BA.1 ដែលកំពុងលេចធ្លោនាពេលបច្ចុប្បន្ននេះ ទំនងជានឹងក្លាយទៅជាប្រភេទវ៉ារ្យ៉ង់ឆ្លងទូទៅនាពេលខាងមុខ ដោយសារការចម្លងយ៉ាងឆាប់រហ័សរបស់វា។
លោកស្រី Van Kerkhove បាននិយាយថា WHO កំពុងតាមដាន BA.2 ដើម្បីមើលថាតើប្រភេទថ្មីនេះ អាចបណ្តាលឱ្យមានការកើនឡើងនៃការឆ្លងថ្មីនៅក្នុងបណ្តាប្រទេស ដែលធ្លាប់មានការកើនឡើងយ៉ាងឆាប់រហ័ស និងបន្ទាប់មកមានការថយចុះយ៉ាងខ្លាំងពីសំណាក់វ៉ារ្យ៉ង់ អូមីក្រុង ។ លោកស្រីបានសង្កត់ធ្ងន់ថា BA.2 មិនមានភាពខុសប្លែកគ្នាទៅលើភាពធ្ងន់ធ្ងររបស់ជំងឺនោះទេ បើប្រៀបទៅនឹងអូមីក្រុងប្រភេទដើម ហើយការសិក្សាអំពីមេរោគនេះកំពុងត្រូវបានសិក្សាបន្ដពីអ្នកស្រាវជ្រាវ។ គួរឱ្យដឹងដែថា BA.2 គឺមានការចម្លងប្រហែល ១.៥ ដង ច្រើនជាង BA.1 ហើយវាងាយនឹងចម្លងទៅក្រៅ មិនថាជាអ្នកបានចាក់ ឬមិនបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 នេះបើតាមការស្រាវជ្រាវនៅប្រទេសដាណឺម៉ាក។ យ៉ាងណា វ៉ាក់សាំងបង្ការនៅតែជារឿងចាំបាច់ក្នុងពេលនេះ ដើម្បីជួយអ្នកជំងឺកាត់បន្ថយហានិភ័យឈឺធ្ងន់ធ្ងរ ការស្លាប់ ឬចូលសម្រាកនៅមន្ទីរពេទ្យ៕ ដោយ៖ ខ្មែរណូត

