អាជ្ញាធរហុងកុងបានរកឃើញមេរោគកូវីដ១៩ នៅក្នុងសំណាកសាច់គោក្លាសេដែលនាំចូលពីប្រទេសប្រេស៊ីល និងស្បែកជ្រូកក្លាសេពីប្រទេសប៉ូឡូញ
អាជ្ញាធរហុងកុងបាននិយាយថា ពួកគេបានរកឃើញមេរោគនៃជំងឺ COVID-19 នៅក្នុងសំណាក ដែលយកចេញពីការវេចខ្ចប់សាច់គោក្លាសេ ដែលនាំចូលពីប្រទេសប្រេស៊ីល និងស្បែកជ្រូកក្លាសេពីប្រទេសប៉ូឡូញ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ។ បញ្ហានេះបានធ្វើឱ្យអាជ្ញាធរត្រូវបង្កើនការប្រុងប្រយ័ត្នរបស់ខ្លួនបន្ថែមទៀត ស្របពេលដែលទីក្រុងនេះកំពុងប្រឈមនឹងការផ្ទុះឡើងយ៉ាងខ្លាំងជាមួយនឹងជំងឺ COVID-19 នៅក្នុងឆ្នាំនេះផ្ទាល់តែម្ដង ដែលកំពុងធ្វើឱ្យមានសម្ពាធយ៉ាងខ្លាំងទៅលើប្រព័ន្ធវេជ្ជសាស្ត្រនៅក្នុងទីក្រុង ហើយនៅតាមមន្ទីរពេទ្យ និងកន្លែងធ្វើចត្តាឡីស័កពោរពេញទៅដោយអ្នកជំងឺ។
មជ្ឈមណ្ឌលសម្រាប់សុវត្ថិភាពចំណីអាហារ (CFS) បានរកឃើញការវេចខ្ចប់ខាងក្រៅចំនួន ១ និងសំណាកវេចខ្ចប់ខាងក្នុងចំនួន ២ ចេញពីដុំសាច់កកប្រហែល ១,១០០ កេស, មានទម្ងន់សរុប ២៩ តោន ដែលនាំចូលពីប្រទេសប្រេស៊ីល មានភាពវិជ្ជមានជាមួយជំងឺ COVID-19 ។ ខ្លួនក៏បានប្រមូលសំណាកចំនួន ១២ ពីកញ្ចប់ស្បែកជ្រូកក្លាសេប្រហែល ៣០០ កេស ដែលមានទម្ងន់ប្រហែល ៧ តោន ដែលនាំចូលពីប្រទេសប៉ូឡូញ ហើយបានរកឃើញថា មានកញ្ចប់ ១ ត្រូវបានធ្វើតេស្តវិជ្ជមាន COVID-19។
យ៉ាងណាក៏ដោយ អាជ្ញាធរបាននិយាយថា COVID-19 ភាគច្រើនតាមរយៈដំណក់ទឹក ហើយមិនអាចបំបែកខ្លួននៅក្នុងម្ហូបអាហារ ឬការវេចខ្ចប់អាហារនោះទេ ហើយវាមិនទំនងថា វាអាចឆ្លងទៅមនុស្សតាមរយៈការប្រើប្រាស់អាហារនោះដែរ។ ពួកគេបានណែនាំឱ្យប្រជាជន ចាត់ចែងអាហារឆៅដោយឡែកពីគ្នា គោរពច្បាប់អនាម័យ និងចម្អិនអាហារឱ្យបានហ្មត់ចត់៕ ដោយ៖ ខ្មែរណូត


