ប្រទេសថៃនឹងនៅតែបន្តគិតថ្លៃចុះចតចំនួន ៣០០បាត ឬ ៩ដុល្លារ សម្រាប់ភ្ញៀវទេសចរណ៍បរទេស បើទោះជាមានការជំទាស់ពីក្រុមប្រឆាំងក៏ដោយ
រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងកីឡារបស់ប្រទេសថៃ គឺលោក Pipat Ratchakitprakarn បានអះអាងសារជាថ្មីថា ប្រទេសថៃនឹងនៅតែបន្តគិតថ្លៃចុះចតក្នុងតម្លៃ ៣០០ បាត ឬ ៩ ដុល្លារ សម្រាប់ភ្ញៀវទេសចរណ៍បរទេសដែលចូលមកប្រទេសថៃដដែល។ លោក Pipat បានឆ្លើយតបបែបនេះ បន្ទាប់ពីគណបក្សប្រឆាំងបានពិភាក្សាអំពីបញ្ហានេះក្នុងអំឡុងពេលនៃការជជែកដេញដោលទូទៅរយៈពេល ២ថ្ងៃ នៅថ្ងៃទី ១៧-១៨ ខែកុម្ភៈ។ លោកថា ថ្លៃសេវានេះនឹងត្រូវប្រមូល បើទោះជាវាជាគោលការណ៍ដែលបានអនុវត្តមុនពេលលោកចូលកាន់តំណែងជាក្រសួងក៏ដោយ។ លោក Pipat បាននិយាយថា ថ្លៃសេវានេះនឹងត្រូវប្រើប្រាស់ដើម្បីទិញធានារ៉ាប់រងសម្រាប់អ្នកដំណើរបរទេស ខណៈដែលនៅសល់នឹងត្រូវបញ្ចូលទៅក្នុងមូលនិធិអភិវឌ្ឍន៍ទេសចរណ៍ ដែលនឹងត្រូវគ្រប់គ្រងដោយលេខាធិការអចិន្ត្រៃយ៍នៃក្រសួងទេសចរណ៍ និងកីឡា និងតំណាងមកពីអង្គការចំនួន ១០ ។
លោកបានសន្យាថា នឹងធានាថាថវិកានឹងត្រូវបានចំណាយយ៉ាងសមរម្យ ហើយអាចត្រូវបានពិនិត្យមើលបាន។ លោក Pipat បានពន្យល់ថា ថ្លៃចុះចតត្រូវបានចាប់ផ្ដើមប្រមូលឡើង បន្ទាប់ពីឧប្បត្តិហេតុទម្លាក់គ្រាប់បែកនៅទីសក្ការបូជា Erawan ក្នុងឆ្នាំ២០១៥ ដែលកាលនោះ វាបានធ្វើឱ្យអ្នកដំណើរបរទេសជាច្រើននាក់រងរបួស ហើយការិយាល័យថវិកាត្រូវទូទាត់សំណងដល់ពួកគេ។ នៅឆ្នាំ២០១៨ ក៏មានការលិចទូកនៅភូកេត ហើយក្រសួងត្រូវស្វែងរកមូលនិធិពីការិយាល័យថវិកា។ ទោះជាយ៉ាងណាក៏ដោយ ការិយាល័យថវិកាបានជូនដំណឹងទៅក្រសួងក្នុងឆ្នាំ២០១៩ ថាខ្លួននឹងមិនបែងចែកថវិកាសម្រាប់អ្នកដំណើរបរទេសទៀតទេ ជាលទ្ធផល ក្រសួងត្រូវប្រមូលថ្លៃចុះចត ដើម្បីមានមូលនិធិសម្រាប់ករណីដែលត្រូវបង់សំណង។ លោក Pipat បានបន្ថែមថា ក្រសួងសុខាភិបាលសាធារណៈបានចំណាយប្រាក់ប្រមាណ ៣០០លានបាត ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៨ ដើម្បីព្យាបាលអ្នកដំណើរបរទេស។ ដូច្នេះបើក្រសួងប្រមូលថ្លៃសេវានេះ ដើម្បីបង់ថ្លៃធានារ៉ាប់រង ក្រសួងនឹងមិនចាំបាច់ស្វែងរកថវិកាដោយឡែកផ្សេងទៀតទេ៕ ដោយ៖ ខ្មែរណូត

