ព័ត៌មានអន្តរជាតិ February 24, 2022

BREAKING: ការវាយប្រហារដោយរុស្ស៊ីលើអ៊ុយក្រែន ចាប់ផ្តើមជាបណ្តើរៗហើយ, នេះបើតាមក្រុមសារព័ត៌មាន លោកខាងលិច

Khmerpress

(កៀវ)៖ សេចក្តីរាយការណ៍ពីបណ្តាញសារព័ត៌មានលោកខាងលិច បានឲ្យដឹងនៅមុននេះបន្តិចថា ការវាយប្រហារដោយរុស្ស៊ីលើអ៊ុយក្រែន បានកើតមានឡើងជាបណ្តើរៗហើយ នៅព្រឹកព្រហាមថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅទីក្រុងកៀវ) ដោយក្នុងនោះគេបានលឺសំឡេងផ្ទុះ និងស្នូរកាំភ្លើង នៅក្នុងរដ្ឋធានីកៀវ និងទីក្រុងមួយចំនួនទៀតរបស់អ៊ុយក្រែនដូចជា អូដេសា (Odesa) និង ខាគីវ (Kharkiv) ជាដើម។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន New York Times នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

សារព័ត៌មាននៅអឺរ៉ុប និងអាមេរិកទាំងអស់នោះ ក៏បានព្រមានផងដែរថា នេះអាចជាការចាប់ផ្តើមនៃការប្រយុទ្ធគ្នាទ្រង់ទ្រាយធំ រវាងប្រទេសរុស្ស៊ី ដែលជាមហាយក្សយោធាលេខ ២ លើពិភពលោក និងប្រទេសអ៊ុយក្រែន។ សារព័ត៌មានដដែលបានចុះផ្សាយទៀតថា កងទ័ពថ្មើរជើងរុស្ស៊ីត្រូវបានគេឃើញ ចល័តចូលមកកាន់ទឹកដី ភាគខាងកើតអ៊ុយក្រែនជាបណ្តើរៗ តាមចំណុចព្រំដែនប្រទេសបេឡារុស និងរុស្ស៊ី។

ដោយឡែកបើតាមវីដេអូពីសារព័ត៌មានអាមេរិក CNN បានបង្ហាញអំពីទិដ្ឋភាពនៃការផ្ទុះ នៅតាមផ្នែកមួយចំនួននៃរដ្ឋធានីកៀវ (Kyiv) ខណៈភ្នាក់ងាររបស់ Reuters វិញបានដកស្រង់សម្តីសាក្សី ដែលបានលឺសំឡេងផ្ទុះទាំងនោះផងដែរ។

បន្ថែមពីខាងលើនេះ ស្នូរកាំភ្លើងត្រូវបានលាន់លឺ នៅព្រលានយន្តហោះ បូរីស្ពីល (Boryspil) ដ៏សំខាន់បំផុតរបស់រដ្ឋធានីកៀវ ភ្លាមៗប៉ុណ្ណោះបន្ទាប់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានប្រកាសដាក់ចេញនូវ «ប្រតិបត្តិការយោធា» ចូលទៅក្នុងតំបន់ ដុនបាស (Donbass) នៃភាគខាងកើតអ៊ុយក្រែន ដែលមានតំបន់ផ្តាច់ខ្លួនចំនួន ២ គឺ ដូណេតក៍ (Donetsk) និង លូហាន់ក៍ (Luhansk) ដែលរុស្ស៊ីទើបទទួលស្គាល់ជារដ្ឋឯករាជ្យនៅក្នុងនោះ។

គិតត្រឹមពេលនេះ, មិនទាន់មានប្រភពណាមួយ អាចបញ្ជាក់អំពីចំនួនមនុស្សស្លាប់ ឬរងរបួសដែលអាចកើតមាននៅឡើយទេ ប៉ុន្តែអ្នកនាំពាក្យនៃក្រសួងមហាផ្ទៃអ៊ុយក្រែន បានបង្ហើបឲ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា ការភ័យខ្លាចជាយូរមកហើយ អំពីការឈ្លានពានទ្រង់ទ្រាយធំដោយរុស្ស៊ីនោះ បានចាប់ផ្តើមក្លាយជាការពិតហើយ៕ ផ្តល់សិទ្ធិដោយ៖ freshnews