លោក ដូណាល់ ត្រាំ ថាបើលោកកំពុងកាន់អំណាច ម្ល៉េះរុស្ស៊ីនឹងមិនឈ្លានពានអ៊ុយក្រែនទេ
(ផ្ល័រីដា)៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានហៅប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថាជាមនុស្សឆ្លាត ហើយថាប្រសិនបើ លោកកំពុងកាន់អំណាចដល់សព្វថ្ងៃ ម្ល៉េះសង្រ្គាមនឹងមិនកើតឡើងទេ។ នេះបើតាមដកស្រង់ចេញផ្សាយពីសារព័ត៌មាន Wall Street Journal នៅថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។
លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់ខាងលើ ក្នុងកម្មវិធីរៃអង្គាសមួយនៅឯរម្មណីយដ្ឋាន Mar-a-Lago របស់លោក ក្នុងរដ្ឋផ្លរីដា កាលពីថ្ងៃពុធ សប្ដាហ៍នេះ។ ឆ្លៀតឱកាសនោះ លោក ត្រាំ ក៏បានរិះគន់ចំណាត់ការរបស់លោក ចូ បៃដិន ឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ហើយក៏បានអួតដែរថាប្រសិនបើលោកនៅកាន់អំណាច លោក ពូទីន ប្រហែលជានឹងមិនឈ្លានពានអ៊ុយក្រែនឡើយ។ «ប្រសិនបើ ខ្ញុំនៅកាន់អំណាច ម្ល៉េះ ស្ថានការណ៍ដ៏មរណៈនេះនៅអ៊ុយក្រែន នឹងមិនកើតឡើងទេ»។ នេះជាការបញ្ជាក់របស់លោក ត្រាំ។
គួរបញ្ជាក់ថា មកដល់ម៉ោងនេះ កងទ័ពរុស្ស៊ីមួយចំនួនត្រូវបានគេរាយការណ៍ថាកំពុងសំដៅទៅកាន់ទីក្រុងកៀវ ខណៈសហរដ្ឋអាមេរិកព្រមានថារុស្ស៊ី មានផែនការផ្ដួលរំលំរដ្ឋាភិបាលអ៊ុយក្រែន។ ប៉ុន្តែ ពាក់ព័ន្ធនឹងព័ត៌មាននេះដែរ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy នៅថ្ងៃសុក្រ នេះ បានសន្យាថាលោកនឹងមិនចាកចេញពីទីក្រុងកៀវទេ៕ ផ្តល់សិទ្ធិដោយ៖ freshnews


