ពលរដ្ឋនៅរុស្ស៊ីរាប់ពាន់នាក់នាំគ្នាចុះថ្នល់ធ្វើបាតុកម្មប្រឆាំងនឹងការធ្វើសង្គ្រាមរបស់កងកម្លាំងរុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន
រុស្ស៊ី៖ ពលរដ្ឋនៅក្នុងប្រទេសរុស្ស៊ីរាប់ពាន់នាក់បាននាំគ្នាចុះថ្នល់ធ្វើបាតុកម្មប្រឆាំងនឹងការធ្វើសង្គ្រាមរបស់កងកម្លាំងរុស្ស៊ីទៅលើប្រទេសអ៊ុយក្រែនដែលជាប្រទេសជិតខាងមានព្រំទល់ជាប់ជាមួយប្រទេសរុស្ស៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែកុម្ភៈនេះ។ ជាងនេះទៅទៀត ពលរដ្ឋនៅក្នុងប្រទេសរុស្ស៊ីជាច្រើននាក់សុទ្ធតែបានបង្ហាញនូវការងឿងឆ្ងល់អំពីផែនការរបស់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ចំពោះការឈ្លានពានទៅលើអ៊ុយក្រែន ដែលជាប្រទេសកំពុងមានទំនោរគាំទ្រប្រទេសលោកខាងលិច។
ប្រភពខាងលើបានបញ្ជាក់ថា ពលរដ្ឋរាប់ពាន់នាក់ត្រូវបានគេប្រទះឃើញធ្វើការប្រមូលផ្តុំគ្នានៅទីលាន Pushkin Square កណ្តាលទីក្រុងម៉ូស្គូ ហើយពលរដ្ឋប្រមាណជា ១,០០០ នាក់ផ្សេងទៀតបានទៅប្រមូលផ្តុំគ្នានៅអតីតរដ្ឋធានីរុស្ស៊ីគឺទីក្រុង Saint Petersburg ដើម្បីសម្តែងនូវការមិនពេញរបស់ពួកគេចំពោះការវាយប្រហារប្រទេសអ៊ុយក្រែន ហើយនិន្នការដូចគ្នានេះក៏ត្រូវបានគេប្រទះឃើញកើតមាននៅតាមបណ្តាទីក្រុងសំខាន់ៗជាច្រើនផ្សេងទៀតក្នុងប្រទេសរុស្ស៊ីផងដែរ។ ឆ្លើយតបនឹងចលនាប្រឆាំងនេះ ប៉ូលិសរុស្ស៊ីបានធ្វើការចាប់ខ្លួនពលរដ្ឋជិត ១,៧០០នាក់នៅក្នុងក្រុងចំនួន ៥៣ផ្សេងគ្នារបស់រុស្ស៊ី ចាប់ខ្លួនពលរដ្ឋជាង ៩០០នាក់នៅក្នុងទីក្រុងម៉ូស្គូ និងជាង ៤០០នាក់ផ្សេងទៀតត្រូវចាប់ខ្លួននៅក្នុងទីក្រុង Saint Petersburg៕ ដោយ៖ ខ្មែរណូត




