កប៉ាល់ពាណិជ្ជកម្ម ២គ្រឿងទៀត ត្រូវមីស៉ីលនាវាចម្បាំងរុស្ស៉ីបាញ់ចំ, នេះបើតាមការអះអាងរបស់អ៊ុយក្រែន
(កៀវ)៖ ខាងអ៊ុយក្រែនបានអះអាងថា កាលពីថ្ងៃសុក្រសប្តាហ៍នេះ នាវាយោធារបស់រុស្ស៉ីបានបាញ់មីស៉ីលចំកប៉ាល់ពាណិជ្ជកម្ម ២គ្រឿង ក្នុងនោះមួយគ្រឿងជាកប៉ាល់ដឹកប្រេង ដែលដោតទង់ជាតិម៉ុលដាវី និងមួយគ្រឿងទៀតជាកប៉ាល់ដឹកទំនិញ ដែលដោតទង់ជាតិប៉ាណាម៉ា នៅលើផ្ទៃសមុទ្រខ្មៅ ក្បែរទីក្រុងអូដេស្សា (Odessa) នៃប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។
ក្រសួងហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែនបានឱ្យដឹងថា កប៉ាល់ម៉ុលដាវីឈ្មោះ មីលេនៀល ស្ពីរីត (Millenial Spirit) មានផ្ទុកប្រេងម៉ាស៊ូត ៦០០តោន នៅពេលរងការវាយប្រហារពីនាវាយោធារុស្ស៉ី។ យោងតាមអាជ្ញាធរម៉ុលដាវី ក្រុមការងារកប៉ាល់នោះ សុទ្ធតែជាជនជាតិរុស្ស៉ី ហើយ២នាក់បានទទួលរងរបួសធ្ងន់។
ក្រសួងអ៊ុយក្រែនដដែលបានបន្ថែមទៀតថា កប៉ាល់ដឹកទំនិញឈ្មោះ ណាមូរ៉ា គ្វីន (Namura Queen) ក៏ត្រូវមីស៉ីលនាវាចម្បាំងរុស្ស៉ីបាញ់ចំផងដែរ។ យ៉ាងណាក្តី មិនមានការបញ្ជាក់ពីមនុស្សរងគ្រោះថ្នាក់លើកប៉ាល់នោះឡើយ។ ក្រោយមក អាជ្ញាធរដែនសមុទ្ររបស់ប៉ាណាម៉ា បានណែនាំឱ្យកប៉ាល់ទាំងឡាយ បង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ពេលធ្វើដំណើរឆ្លងកាត់ដែនទឹករបស់អ៊ុយក្រែននិងរុស្ស៉ី នៅម្តុំតំបន់សមុទ្រខ្មៅ និងសមុទ្រអាហ្សូវ។
គួរបញ្ជាក់ថា មកទល់ពេលនេះ កប៉ាល់ពាណិជ្ជកម្ម៣គ្រឿងហើយ ដែលបានរងការវាយប្រហារ គិតចាប់តាំងពីរុស្ស៉ីបានចាប់ផ្តើមបើកប្រតិបត្តិការយោធា លើប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ។ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ កប៉ាល់ដឹកទំនិញឈ្មោះ យ៉ាសា ជូពីតឺ (Yasa Jupiter) របស់តួកគី បានរងការវាយប្រហារ នៅក្បែរទីក្រុង Odessa របស់អ៊ុយក្រែនដូចគ្នា៕ ផ្តល់សិទ្ធិដោយ៖ freshnews


Civil bunkerer ship MILLENNIAL SPIRIT
Chemical Tanker, IMO 7392610 was reportedly hit by Russian missile when standing in 12+ miles from Odessa port.This is violation of international law pic.twitter.com/MV9whPOaGX
— OSINT Academy (@ua_intelligence) February 25, 2022
