ព័ត៌មានអន្តរជាតិ March 11, 2022

«តំបន់គ្មានការហោះហើរ» នៅអ៊ុយក្រែន អាចជួយបញ្ចប់សង្រ្គាមឱ្យបានកាន់តែឆាប់, នេះបើតាមមន្ត្រីទូតជាន់ខ្ពស់ប៉ូឡូញ

Khmerpress

(វ៉ាសូវី)៖ អគ្គរដ្ឋទូតប៉ូឡូញ ប្រចាំទីក្រុងកៀវ លោក បាតូស ស៊ីកឆុកគី (Bartosz Cichocki) បាននិយាយថាការបង្កើតតំបន់គ្មានការហោះហើរនៅក្នុង ប្រទេសអ៊ុយក្រែន អាចនឹងជួយបញ្ចប់សង្រ្គាមឱ្យបានកាន់តែឆាប់រហ័ស និងសង្រ្គោះជីវិតមនុស្ស ខណៈរុស្ស៊ីនៅតែបន្តទម្លាក់គ្រាប់បែកលើទីក្រុងជាច្រើន របស់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនា ឆ្នាំ២០២២។

ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី បានអំពាវនាវឱ្យ NATO បង្កើតតំបន់គ្មានការហោះហើរនៅក្នុងប្រទេសរបស់លោក ប៉ុន្តែបក្សសម្ព័ន្ធយោធា មួយនេះបានបដិសេធដោយសារតែពួកគេខ្លាចថាវាអាចនឹងបង្កទៅជាជម្លោះដោយផ្ទាល់ជាមួយរុស្ស៊ី។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ TVN24 ចេញពីទីក្រុងកៀវ នៅថ្ងៃព្រហស្បតិ៍នេះ លោក ស៊ីកឆុកគី បានបញ្ជាក់ដូច្នេះថា «ការពន្យារពេល (ការបង្កើតតំបន់គ្មានការហោះហើរ) អាចនឹងធ្វើឱ្យមនុស្សរាប់រយនាក់បាត់បង់ជីវិតពីមួយថ្ងៃ ទៅមួយថ្ងៃ… ដូច្នេះការបិទដែនអាកាសអាចនឹងជួយបញ្ចប់ សង្រ្គាមឱ្យបានកាន់តែឆាប់រហ័ស»។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារដើមសប្ដាហ៍នេះ, សហរដ្ឋអាមេរិក បានបង្កភាពភ្ញាក់ផ្អើលដោយច្រានចោលសំណើរបស់ប៉ូឡូញ ដែលចង់បញ្ជូនយន្ដហោះ ចម្បាំងផលិតដោយរុស្ស៊ី MiG-29 ទៅកាន់មូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសអាល្លឺម៉ង់ ដើម្បីបញ្ជូនបន្តឱ្យអ៊ុយក្រែន។ សហរដ្ឋអាមេរិកដំបូងឡើយជាអ្នក លើកឡើងនូវសំណើនេះ ប៉ុន្តែផែនការនេះត្រូវបានលុបចោល ក្រោយទីភ្នាក់ងារចារកម្មអាមេរិកអះអាងថាវាអាចនឹងធ្វើឱ្យរុស្ស៊ី និង NATO មានជម្លោះ នឹងគ្នាដោយផ្ទាល់៕ ផ្តល់សិទ្ធិដោយ៖ freshnews