លោក ចូ បៃដិន ព្រមាន៖ «បើអាមេរិកបញ្ជូនយន្តហោះ រថក្រោះ កងទ័ព ទៅអ៊ុយក្រែន គឺស្មើនឹងសង្រ្គាមលោកលើកទី៣»
(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃសុក្រសប្តាហ៍នេះ បានលើកឡើងថា ការបញ្ជូនរថយន្ត រថក្រោះ និង កងទ័ពរបស់សហរដ្ឋអាមេរិក ទៅកាន់ប្រទេសអ៊ុយក្រែន គឺស្មើនឹងការចាប់ផ្តើមនៃសង្រ្គាមលោកលើកទី៣ មិនខានឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន TASS នៅថ្ងៃសៅរ៍ ទី១២ ខែមីនា ឆ្នាំ២០២២។
លោក បៃដិន បានលើកឡើងដូចខាងលើនេះ ដើម្បីបញ្ជាក់ប្រាប់សមាជិកសភាអាមេរិកនៃបក្សប្រជាធិបតេយ្យ ដែលជាគណបក្សនយោបាយរបស់លោក។ លោកប្រធានាធិបតីអាមេរិក បានថ្លែងយ៉ាងដូច្នេះថា «យើងកំពុងបង្ហាញពីកម្លាំងរបស់យើង ហើយយើងមិនចុះញ៉មដាច់ខាត។ ប៉ុន្តែទាក់ទងគំនិតចង់ឱ្យពួកយើងបញ្ជូនសព្វាវុធ ដូចជារថក្រោះ យន្តហោះ អមជាមួយកងទ័ពអាមេរិកផ្ទាល់ ទៅកាន់អ៊ុយក្រែន គួរយល់ឱ្យបានច្បាស់ថា ទោះអ្នកទាំងអស់គ្នាចង់ហៅវាថាជាអ្វីក៏ដោយ ធាតុពិតការធ្វើបែបនោះ គឺស្មើនឹងផ្ទុះសង្រ្គាមលោកលើកទី៣។ ខ្ញុំសូមបញ្ជាក់ឱ្យបានច្បាស់នៅទីនេះ»។
កន្លងមកទីក្រុងវ៉ាស៉ីនតោន ធ្លាប់បានបញ្ជាក់ហើយបញ្ជាក់ទៀតថា នឹងពុំមានការបញ្ជូនកងទ័ព ឬការចូលពាក់ព័ន្ធដោយផ្ទាល់ក្នុង សង្រ្គាមដែលកំពុងកើតឡើងនៅអ៊ុយក្រែនឡើយ តែបានសង្កត់ធ្ងន់ថា ខ្លួននឹងធ្វើការអន្តរាគមន៍ភ្លាមៗ ប្រសិនបើសង្រ្គាមរាលដាល ដល់ប្រទេសណាមួយដែលជាសមាជិកអង្គការ NATO៕ ផ្តល់សិទ្ធិដោយ៖ freshnews

