ព័ត៌មានអន្តរជាតិ March 14, 2022

សាលារៀននៅប្រទេសជប៉ុន ហាមឃាត់សិស្សស្រីមិនឱ្យចងសក់លើកទៅក្រោយ ដោយសារហេតុផលគួរឱ្យហួសចិត្តបែបនេះ…

Khmerpress

ប្រព័ន្ធសាលារៀនរបស់ជប៉ុនសម្បូរទៅដោយច្បាប់តឹងរ៉ឹង ចាប់តាំងពីការស្លៀកពាក់ ឬសូម្បីតែស្រោមជើង រហូតដល់សក់ក្បាលរបស់ពួកគេ។ ប៉ុន្តែឥឡូវនេះមានច្បាប់ថ្មីមួយទៀត កំពុងទាក់ទាញការរិះគន់ខ្លាំងឡើងៗ នោះគឺការហាមឃាត់ «ការចងសក់លើកទៅក្រោយ» ដោយសារវាអាចបញ្ចេញកញ្ចឹងករបស់នារីៗ ដែលអាចធ្វើឱ្យប្រុសៗមានចំណង់។ ស្ដាប់ទៅវាពិតជារឿងដ៏គួរឱ្យហួសចិត្តមួយ ហើយវាក៏កំពុងធ្វើឱ្យមហាជនមានការខឹងសម្បាយ៉ាងខ្លាំង ព្រោះថាវាបង្ហាញពីការប្រកាន់ភេទ និងរើសអើងមកលើស្ត្រី (sexism)។ ទាក់ទងនឹងបញ្ហានេះដែរ អតីតគ្រូបង្រៀនលោក Motoki Sugiyama កំពុងទាមទារឱ្យមានការដកច្បាប់នេះចេញ ហើយលោកក៏មានបណ្ដាញផ្សព្វផ្សាយសង្គម ដែលនិយាយពីប្រព័ន្ធអប់រំនៅក្នុងប្រទេសជប៉ុនផងដែរ។

លោក Motoki Sugiyama បានពន្យល់ថា៖«ពួកគេបារម្ភថាក្មេងប្រុសនឹងមើលមកក្មេងស្រី ខ្ញុំតែងតែរិះគន់ច្បាប់ទាំងនេះ ប៉ុន្តែដោយសារតែមានការខ្វះខាតការរិះគន់ ហើយវាបានក្លាយទៅជារឿងធម្មតា ដូច្នេះសិស្សមិនមានជម្រើសអ្វីក្រៅពីទទួលយកបំរាមនេះទេ»។ ក្នុងរយៈពេល ១១ឆ្នាំ នៃអាជីពជាគ្រូបង្រៀននៅខេត្ត Shizuoka របស់លោក Motoki Sugiyama លោកបាននិយាយថា សាលារៀនទាំងអស់នៅតំបន់នោះ បានហាមឃាត់សិស្សពីការចងសក់លើកទៅក្រោយ ហើយវាគឺជាច្បាប់មួយនៅក្នុងចំណោមច្បាប់គ្មានហេតុផលជាច្រើន ដែលគេហៅថា «ច្បាប់ខ្មៅ» (Burakku Kōsoku)។

ច្បាប់ទាំងនេះជារឿងធម្មតានៅក្នុងប្រព័ន្ធអប់រំរបស់ប្រទេសជប៉ុន ដែលមានចាប់តាំងពីឆ្នាំ១៨៧០ មកម៉្លេះ ប៉ុន្តែត្រូវបានយកមកប្រើប្រាស់កាន់តែទូលំទូលាយនៅក្នុងទសវត្សរ៍ឆ្នាំ៧០ និង៨០ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់អំពើហិង្សាក្នុងសាលារៀន និងការធ្វើទុក្ខ​ម្នេញ។ សាលារៀនខ្លះបានប្រើច្បាប់ខ្មៅ ដើម្បីហាមប្រាមម៉ូដសក់ដែលមិនមែនជាម៉ូដប្រពៃណី ដូចជាម៉ូដឈូសជេីងសក់បែប undercut ជាដើម ប៉ុន្តែសម្រាប់ម៉ូដឈូសជើងសក់បែប two-block ត្រូវបានលើកលែង។ សូម្បីតែពណ៌សក់នៅក្នុងសាលារៀនក៏ត្រូវបានគេរឹតត្បឹត បើទោះបីជាសិស្សមិនមានសក់ពណ៌ខ្មៅពីធម្មជាតិក៏ដោយ។

កាន់តែប្លែកជាងនេះទៅទៀត កាលពីឆ្នាំ២០២១ ការស្រាវជ្រាវមួយបានបង្ហាញថា នៅក្នុងទីក្រុង Fukuoka មានសាលារៀនចំនួន ៥៧ ក្នុងចំណោម ៦៩ បានបង្គាប់ឱ្យសិស្សត្រូវស្លៀកខោក្នុងពណ៌ស ហើយបើសិស្សបំពានច្បាប់នោះ សាលានឹងឱ្យសិស្សស្រាតខោក្នុងនោះចេញ ហើយសាលានឹងរាយការណ៍ទៅអាណាព្យាបាលសិស្ស៕ ដោយ៖ ខ្មែរណូត​