រុស្ស៊ី ជ្រើសរើសយុទ្ធជនរាប់ពាន់នាក់ នៅប្រទេសស៊ីរី សម្រាប់ត្រៀមប្រយុទ្ធនៅអ៊ុយក្រែន
(បេរូត)៖ រុស្ស៊ីបានចុះបញ្ជីយុទ្ធជនចំនួន ៤០,០០០នាក់ ពី កងទ័ពស៊ីរី និងកងជីវពលសម្ព័ន្ធមិត្ត ដើម្បីត្រៀមខ្លួនសម្រាប់ការ ដាក់ពង្រាយប្រយុទ្ធនៅប្រទេស អ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ២០២២។
ក្រុមឃ្លាំមើលសិទ្ធិមនុស្ស និងសកម្មជនស៊ីរីបាននិយាយថា ក្នុងការសម្របសម្រួលជាមួយយោធាស៊ីរី មន្ត្រីរុស្ស៊ីនិងកងជីវពលសម្ព័ន្ធមិត្តបានបង្កើតការិយាល័យចុះឈ្មោះមួយ នៅក្នុងតំបន់កាន់កាប់របស់ខ្លួន។
លោក Rami Abdel Rahman ជាប្រធានក្រុមឃ្លាំមើលដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បាន និយាយថា «មកទល់ពេលនេះប្រជាជនស៊ីរីជាង៤០,០០០នាក់ បានចុះឈ្មោះ ប្រយុទ្ធជាមួយរុស្ស៊ីក្នុង ប្រទេសអ៊ុយក្រែន »។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន វិមានក្រឹមឡាំងបានប្រកាសថា អ្នកស្ម័គ្រចិត្តទាំងអស់ត្រូវបានស្វាគមន៍ ក្នុងការចូលរួមប្រយុទ្ធជាមួយកងទ័ពរុស្ស៊ីនៅអ៊ុយក្រែនក្នុងនោះរួមទាំងយុទ្ធជនស្ម័គ្រចិត្តពីប្រទេសស៊ីរីផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

