ស្លូវ៉ាគី មានបំណងបញ្ជូនប្រព័ន្ធមីស៊ីល S-300 ឱ្យអ៊ុយក្រែន, តែអាមេរិកនៅតែស្ទាក់ស្ទើរ
(ប្រាទីស្លាវ៉ា)៖ រដ្ឋមន្ត្រីការពារជាតិស្លូវ៉ាគី លោក ហ្សារ៉ូស្លាវ ណាដ (Jaroslav Nad) បានអះអាងនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ប្រទេសរបស់លោក មានបំណងផ្ដល់ប្រព័ន្ធមីស៊ីលការពារដែនអាកាស S-300 ឱ្យអ៊ុយក្រែន ប្រសិនបើសម្ព័ន្ធមិត្ត NATO អាចរកអ្វីផ្សេងមកជំនួសឱ្យស្លូវ៉ាគីវិញ។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២២។
លោក ហ្សារ៉ូស្លាវ ណាដ ធ្វើការកត់សម្គាល់ខាងលើនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយសមភាគីអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin) នៅឯក្រសួងការពារជាតិស្លូវ៉ាគី ក្នុងរដ្ឋធានីបា្រទីស្លាវ៉ា (Bratislava)។ លោក ហ្សារ៉ូស្លាវ បានបញ្ជាក់ដូច្នេះថា «យើងបាន និងកំពុងស្ថិតនៅក្នុង កិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក អ៊ុយក្រែន រួមទាំងសម្ព័ន្ធមិត្តដទៃស្ដីពីលទ្ធភាពក្នុងការដាក់ពង្រាយ, បញ្ជូន ឬផ្ដល់ប្រព័ន្ធមីស៊ីលការពារដែនអាកាស S-300 ឱ្យអ៊ុយក្រែន ហើយយើងពិតជាមានបំណងធ្វើដូច្នេះ»។
ប៉ុន្តែ ជាមួយគ្នានោះដែរ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក អូស្ទីន មិនបានឆ្លើយតបថាតើសហរដ្ឋអាមេរិកមានបំណង ឬទទួលយកសំណើរបស់ស្លួវ៉ាគី ឬក៏យ៉ាងណានោះទេ។ «ខ្ញុំមិនទាន់មានសេចក្ដីថ្លែងការណ៍ណាមួយសម្រាប់អ្នកទាំងអស់គ្នាឡើយ នៅរសៀលនេះ។ តែនេះគឺជារឿងដែលយើងកំពុង បន្តធ្វើការជាមួយសម្ព័ន្ធមិត្តទាំងអស់របស់យើង ហើយជាការពិត នេះមិនមែនត្រឹមតែជាបញ្ហាសម្រាប់អាមេរិកទេ តែវាក៏ជាបញ្ហារបស់ NATO ដែរ»។ នេះជាការបញ្ជាក់របស់លោក អូស្ទីន។
គួរបញ្ជាក់ថា លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវឱ្យសហរដ្ឋអាមេរិក និង NATO បញ្ជូនជំនួយបន្ថែមមកឱ្យអ៊ុយក្រែន ហើយលោកផ្ទាល់ក៏នៅតែ ស្នើឱ្យបង្កើតតំបន់គ្មានការហោះហើរផងដែរ។ ប៉ុន្តែ ទាំងអាមេរិក និង NATO បានច្រានចោលការស្នើនេះ ព្រោះបារម្ភខ្លាចផ្ទុះសង្រ្គាម ឬជម្លោះ ដោយផ្ទាល់ជាមួយរុស្ស៊ី៕ ផ្តល់សិទ្ធិដោយ៖ freshnews



