អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ សន្យាចំពោះក្រុមអ្នកគាំទ្រថា នឹងត្រឡប់ទៅសេតវិមានវិញ នៅឆ្នាំ២០២៤
(វ៉ាស៉ីនតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីចុងសប្តាហ៍កន្លងទៅនេះ បានថ្លែងប្រាប់ក្រុមអ្នកគាំទ្ររបស់លោកថា រូបលោកនឹងវិលត្រឡប់ទៅសេតវិមានវិញ នៅឆ្នាំ២០២៤។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Business Insider នៅថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០២២។
កំលុងព្រឹត្តិការណ៍មួយដើម្បីជួបជុំក្រុមអ្នកគាំទ្រ នៅរដ្ឋកាលីហ្វ័រញ៉ា លោក ដូណាល់ ត្រាំ បាននិយាយយ៉ាងដូច្នេះថា «ជាមួយការគាំទ្ររបស់អ្នករាល់គ្នានៅទីនេះ យើងនឹងយកមកវិញនូវសភាទាំងពីរ ក៏ដូចជាប្រទេសរបស់យើង ហើយអ្វីដែលសំខាន់បំផុតនៅឆ្នាំ២០២៤នោះ គឺពួកយើងនឹងត្រឡប់ទៅសេតវិមានដ៏ស្រស់ស្អាតរបស់យើងវិញ»។
គួរបញ្ជាក់ថា លោក ត្រាំ មិនទាន់បានប្រកាសនៅឡើយទេ អំពីការចូលរួមជាផ្លូវការ ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកឆ្នាំ២០២៤ ប៉ុន្តែតាំងតែពីចាញ់ឆ្នោតកាលពីឆ្នាំ២០២០មក លោកធ្លាប់បានបង្ហើបខ្លះៗ ថារូបលោកអាចនឹងសាកល្បងប្រកួតយកតំណែងនេះ ជាថ្មីម្តងទៀត។ រីឯលោក បៃដិន វិញ ធ្លាប់បានលើកឡើងថា រូបលោកអាចនឹងបន្តឈរឈ្មោះ មួយអាណត្តិទៀតនៅឆ្នាំ២០២៤ ប្រសិនបើលោកនៅមានសុខភាពរឹងមាំ។
នៅសហរដ្ឋអាមេរិក ប្រធានាធិបតីអាចកាន់អំណាចបាន២អាណត្តិ សរុប៨ឆ្នាំ ខណៈលោក ត្រាំ កាន់បានត្រឹមមួយអាណត្តិ ហើយក៏ចាញ់ឆ្នោត ដោយសារលោក បៃដិន។ ដូច្នេះលោក ត្រាំ នៅមានឱកាសកាន់តំណែងនេះ បានមួយអាណត្តិទៀត៕ ផ្តល់សិទ្ធិដោយ៖ freshnews

