ប្រទេសស្លូវ៉ាគី ប្រកាសបរិច្ចាគប្រព័ន្ធការពារដែនអាកាស S-300 ដល់អ៊ុយក្រែន
(ស្លូវ៉ាគី)៖ នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Eduard Heger បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសស្លូវ៉ាគីនឹងបរិច្ចាគប្រព័ន្ធការពារដែនអាកាស S-300 របស់ខ្លួន ជូនដល់អ៊ុយក្រែន ដើម្បីជួយការពារប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៨ ខែមេសា ឆ្នាំ២០២២។
គួរបញ្ជាក់ថា អ៊ុយក្រែន បានអំពាវនាវដល់បណ្តាប្រទេសលោកខាងលិចឲ្យផ្តល់ជូនខ្លួននូវប្រព័ន្ធ ការពារអាកាស ដើម្បីជួយទប់ទល់នឹងការវាយលុករបស់យោធារុស្ស៊ី ដែលពេលនេះបានឈានចូលដល់ខែទីពីរហើយ។
លោកនាយករដ្ឋមន្ត្រីបានបសរសេរបញ្ជាក់នៅលើ Twitter ថា «ប្រទេសស្លូវ៉ាគីនឹងផ្តល់ជូនអ៊ុយក្រែននូវប្រព័ន្ធការពារដែនអាកាស S-300។ អ៊ុយក្រែនជាប្រជាជាតិដ៏ក្លាហានក្នុងការការពារអធិតេយ្យភាពរបស់ពួកគេ ហើយពួកយើងក៏ដូច្នោះដែរ» ៕ ផ្តល់សិទ្ធិដោយ៖ freshnews

