ព័ត៌មានអន្តរជាតិ April 11, 2022

សហរដ្ឋអាមេរិក ប្ដេជ្ញាផ្គត់ផ្គង់អាវុធដែលអ៊ុយក្រែនត្រូវការ ដើម្បីប្រយុទ្ធជាមួយរុស្ស៉ី

Khmerpress

(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជេក ស៊ូលលីវ៉ាន (Jake Sullivan) បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍ កន្លងទៅនេះថាសហរដ្ឋអាមេរិកប្តេជ្ញាផ្តល់ឲ្យអ៊ុយក្រែន នូវសព្វាវុធដែលខ្លួនត្រូវការ ដើម្បីការពារប្រឆាំងនឹងការវាយប្រហាររបស់រុស្ស៉ី។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២។

ថ្លែងក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក ABC លោក Sullivan បានបញ្ជាក់ដូច្នេះថា «រដ្ឋបាលរបស់លោក ចូ បៃដិន នឹងបន្តផ្តល់ឲ្យ អ៊ុយក្រែននូវសព្វាវុធ ដែលខ្លួនត្រូវការ ដើម្បីវាយបកលើរុស្ស៉ីវិញ, ទប់ស្កាត់ការដណ្តើមយកទឹកដី និងការកំណត់គោលដៅលើជនស៊ីវិល ក្នុងការវាយប្រហារដែលទីក្រុងវ៉ាស៊ីតោនហៅថាជាឧក្រិដ្ឋកម្មសង្រ្គាម»។

លោកបន្ថែមថា អាវុធបានទៅដល់អ៊ុយក្រែនជារៀងរាល់ថ្ងៃ រួមទាំងថ្ងៃនេះផងដែរ ហើយសហរដ្ឋអាមេរិក កំពុងធ្វើការយ៉ាងសកម្ម ដើម្បីបញ្ជូន អាវុធរបស់ខ្លួនផ្ទាល់ និងរៀបចំសម្របសម្រួលការបញ្ជូនអាវុធពីប្រទេសជាច្រើនទៀត។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានជំនួយយោធាជាង ១.៧ពាន់លានដុល្លារឱ្យអ៊ុយក្រែន ចាប់តាំងពីរុស្ស៉ីបើកការវាយប្រហារនាថ្ងៃទី២៤ ខែកុម្ភៈ មក។ ទីក្រុងមូស្គូ បានច្រានចោលការចោទប្រកាន់ពីការប្រពឹត្តិឧក្រិដ្ឋកម្មសង្រ្គាម ហើយក៏បានព្រមានលោកខាងលិចផងដែរពាក់ព័ន្ធនឹងការ បញ្ជូនអាវុធឱ្យអ៊ុយក្រែន ៕ ផ្តល់សិទ្ធិដោយ៖ freshnews