លោក Volodymyr Zelenskiy និយាយថា រុស្ស៊ីប្រហែលជាបានប្រើប្រាស់អាវុធគីមីក្នុងប្រទេសអ៊ុយក្រែន
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy កាលពីថ្ងៃចន្ទបាននិយាយថា រុស្ស៊ីអាចនឹងប្រើប្រាស់អាវុធគីមីក្នុងប្រទេសអ៊ុយក្រែន ហើយបានអំពាវនាវឱ្យលោកខាងលិចដាក់ទណ្ឌកម្មឱ្យកាន់តែខ្លាំងលើទីក្រុងមូស្គូ។ មានរបាយការណ៍ដែលមិនបានបញ្ជាក់លម្អិតមួយបានបង្ហាញថា អាវុធគីមីត្រូវបានប្រើប្រាស់នៅក្នុងកំពង់ផែ Mariupol ភាគខាងត្បូងអ៊ុយក្រែន ដែលជាតំបន់ត្រូវបានឡោមព័ទ្ធដោយយោធារុស្ស៊ី។ លោក Zelenskiy យល់ថាវាជារឿងសំខាន់សម្រាប់អ៊ុយក្រែន ហើយលោកក៏បានទទូចឱ្យមានការឆ្លើយតបភ្លាមៗ ចំពោះការឈ្លានពានរបស់រុស្ស៊ី ដែលកាន់តែខ្លាំងក្លា និងលឿនជាងមុនមកលើអ៊ុយក្រែន។
លោក Petro Andryushchenko ដែលជាជំនួយការរបស់អភិបាលក្រុង Mariupol បានសរសេរនៅលើ Telegram អំពីការវាយប្រហារដោយសារធាតុគីមីពីសំណាក់រុស្ស៊ី ហើយគាត់រំពឹងថា នឹងផ្តល់ព័ត៌មានលម្អិត និងការបំភ្លឺនេះនៅពេលក្រោយទៀត។ ជាមួយគ្នានេះដែរ លេខាធិការសារព័ត៌មានមន្ទីរបញ្ចកោណ លោក John Kirby បាននិយាយថា សហរដ្ឋអាមេរិកក៏បានដឹងអំពីរបាយការណ៍នេះ ហើយបាននិយាថា ពួកគេនឹងបន្តតាមដានស្ថានការណ៍យ៉ាងដិតដល់។ ប្រសិនបើវាជាការពិត វាពិតជាគួរឱ្យព្រួយបារម្ភខ្លាំងណាស់។ គួរឱ្យដឹងដែរថា ការលុកលុយរបស់រុស្ស៊ី បានសម្លាប់មនុស្សរាប់ពាន់នាក់ និងរាប់លាននាក់ ត្រូវផ្លាស់ចេញពីអ៊ុយក្រែន៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត


