ចាប់ពីពេលនេះទៅនឹងលែងមានវត្តមាន Nokia នៅក្នុងទីផ្សាររុស្ស៊ីទៀតហើយ
(ស្តុកហូម)៖ ថ្មីៗនេះនាយកប្រតិបត្តិ (CEO) ក្រុមហ៊ុនផលិតឧបករណ៍ទូរគមនាគមន៍ Nokia បានប្រកាសបង្ហាញឱ្យដឹងថា ក្រុមហ៊ុនកំពុងតែដកខ្លួនចេញពីទីផ្សាររុស្ស៊ី បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២។
បន្ទាប់ពីសង្រ្គាមរវាងរុស្ស៊ី-អ៊ុយក្រែនកើតឡើងបណ្តាលក្រុមហ៊ុនធំៗជាច្រើនបាននឹងកំពុងកាត់ផ្តាច់ទំនាក់ទំនងជាមួយប្រទេសនេះ។ ខណៈពេលដែលវិស័យមួយចំនួន រួមទាំងទូរគមនាគមន៍បានលើកលែងពីការរឹតបន្តឹងផ្នែកខ្លះៗ លើហេតុផលមនុស្សធម៌សម្រាប់ប្រទេសនេះ ប៉ុន្តែNokia បានជ្រើសរើសយកផ្លូវចាកចេញ ដោយធ្វើការបញ្ជាក់ថា«ការចាកចេញពីប្រទេសរុស្ស៊ី គឺជាជម្រើសតែមួយគត់»របស់ខ្លួន។
ទន្ទឹមនឹងការចាកចេញពីទីផ្សាររុស្ស៊ីនេះនាយកប្រតិបត្តិលោក Pekka Lundmark បានលើកឡើងនៅក្នុងបទសម្ភាសន៍មួយថា«យើងគ្រាន់តែមិនឃើញពីលទ្ធភាពណាមួយដើម្បីបន្តនៅក្នុងប្រទេសនេះក្រោមកាលៈទេសៈបច្ចុប្បន្ននោះទេ»។ ដោយលោកបានបន្ថែមទៀតថា Nokia នឹងនៅតែបន្តបម្រើទៅដល់អ្នកប្រើប្រាស់ក្នុងអំឡុងពេលនៃការចាកចេញរបស់ខ្លួន ប៉ុន្តែមិនអាចកំណត់បាននោះទេថាដំណើរការនេះនឹងបន្តបានត្រឹមណា។
យ៉ាងណាមិញរុស្ស៊ីបាននឹងកំពុងដាក់សម្ពាធលើក្រុមហ៊ុននានាក្នុងការបង្កើត Networks ដោយតម្រូវឱ្យប្រើប្រាស់តែឧបករណ៍របស់រុស្ស៊ីតែប៉ុណ្ណោះ រួមទាំងព្យាយាមបញ្ចុះបញ្ចូល Nokia និង Ericsson ឱ្យបង្កើតរោងចក្រនៅក្នុងប្រទេសខ្លួនផងដែរ។
គួរជមា្របដែរថា ជាមួយនឹងការសម្រេចចិត្តនេះក្រុមហ៊ុន Nokia នឹងមិនអនុវត្តផែនការដែលប្រកាសកាលពីខែវិច្ឆិកាកន្លងទៅ ក្នុងបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាជាមួយ YADRO របស់រុស្ស៊ីដើម្បីសាងសង់ស្ថានីយ៍ទូរគមនាគមន៍ 4G និង 5G នោះទេ៕ ផ្តល់សិទ្ធិដោយ៖ freshnews


