អាជ្ញាធរថៃណែនាំឲ្យពលរដ្ឋខ្លួនធ្វើការងារនៅតាមផ្ទះ ៧ថ្ងៃ ដើម្បីទប់ស្កាត់ការរាតត្បាតកូវីដ-១៩ក្រោយពេលបុណ្យសង្ក្រាន្តរួច
ថៃ៖ អាជ្ញាធរសុខាភិបាលថៃបានណែនាំឲ្យក្រុមហ៊ុនឯកជន អង្គការ និងស្ថាប័នរដ្ឋអនុញ្ញាតឲ្យបុគ្គលិកខ្លួនធ្វើការងារនៅតាមផ្ទះក្នុងរយៈពេលពី ៥-៧ថ្ងៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែមេសានេះ។ សេចក្តីណែនាំខាងលើនេះត្រូវបានធ្វើឡើងក្នុងគោលបំណងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ព្រោះថាក្នុងអំឡុងពេលនេះពិធីបុណ្យសង្ក្រាន្តដែលទើបបិទបញ្ចប់ថ្មីៗនេះ ពលរដ្ឋថៃបាននាំគ្នាដើរកំសាន្តនិងធ្វើការជួបជុំគ្នាយ៉ាងច្រើនកុះករ ដែលជាហានិភ័យមួយនៃការចម្លងមេរោគកូវីដ-១៩។
បើតាមលោក Chakrarat Pittawawonganon ដែលជាអ្នកជំនាញមួយរូបនៃនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងថៃបានធ្វើការព្យាករណ៍ថា តួលេខអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសថៃអាចនឹងកើនឡើងក្នុងចន្លោះពី ២០-៣០% ក្នុងអំឡុងពេលបន្ទាប់ពីបុណ្យសង្ក្រាន្តថៃរួច។ ក្រោយពីណែនាំឲ្យបុគ្គលិកធ្វើការងារនៅតាមផ្ទះ អាជ្ញាធរថៃក៏បានណែនាំឲ្យពលរដ្ឋដែលមានអាការៈមិនស្រួលខ្លួនគួរធ្វើតេស្តរកជំងឺកូវីដ-១៩ដោយខ្លួនឯងផងដែរ ដើម្បីងាយស្រួលទប់ស្កាត់ការចម្លងឬរកសេវាព្យាបាលឲ្យបានទាន់ពេលវេលា ប្រសិនបើពួកគាត់ពិតជាវិជ្ជមានកូវីដ-១៩ មែននោះ។ គួរបញ្ជាក់ជូនថា នៅក្នុងថ្ងៃនេះអាជ្ញាធរសុខាភិបាលថៃបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួនជិត ១៧,០០០ នាក់ និងបាត់បង់ជីវិត ១២៤នាក់៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

