ព័ត៌មានអន្តរជាតិ April 21, 2022

ចតឡានចោលមុខផ្ទះមួយយប់ ព្រឹកឡើងចោរលួចដោះកង់ទាំង៤គ្រាប់យកទៅបាត់

Khmerpress

វៀតណាម៖ យោងតាមការចុះផ្សាយនៅលើសារព័ត៌មានវៀតណាម vnexpress បានឲ្យដឹងថា បុរសម្នាក់ចតឡានមុខផ្ទះនៅពេលយប់ ស្រាប់តែព្រឹកឡើងឡានរបស់គាត់ត្រូវចោរលួចដោះកង់ទាំង៤គ្រាប់ ដោយក្រុមចោរកល់ដុំថ្មពីក្រោមជំនួសវិញ។ យោងតាមរបាយការណ៍របស់ប៉ូសិសបានឲ្យដឹងថា បុរសម្នាក់ឈ្មោះ Nguyen Van Tung អាយុ២៨ឆ្នាំ បាននិយាយថា គាត់តែងតែចតឡានចោលនៅមុខផ្ទះរបស់គាត់ ដែលស្ថិតនៅផ្លូវ Nguyen Van Cu តំបន់ Tan Lap ward នៃទីក្រុង Buon Ma Thuot។ លុះព្រឹកឡើង គាត់ និងប្រពន្ធរៀបចំចេញទៅធ្វើការ ស្រាប់តែពួកគាត់ប្រទះឃើញឡានរបស់គាត់ត្រូវបានចោរលួចដោះកង់ទាំង៤គ្រាប់យកទៅបាត់ ហើយយកដុំថ្មមកកល់ជំនួសវិញ។

តាមការបញ្ជាក់ពីលោក Tung បានឲ្យដឹងថា កង់ទាំង៤គ្រាប់នោះ បើយកទៅលក់ អាចមានតម្លៃចន្លោះពី ៥០-៦០លានដុង (ចន្លោះពី ២១៧៥ ទៅ ២៦១០ ដុល្លារអាមេរិក)។ លោកបានបញ្ជាក់ទៀតថា គាត់ឧស្សាហ៍ចតឡានចោលនៅមុខផ្ទះបែបនេះខ្ទង់៦ខែមកហើយ ដោយលោកមិនធ្លាប់គិតថា ចោរនឹងលួចដោះយកកង់បែបនេះឡើយ។ ក្រោយកើតហេតុ លោកបានដាក់ពាក្យបណ្តឹងទៅប៉ូលិស ដើម្បីឲ្យប៉ូលិសជួយស្រាវជ្រាវរកជនសង្ស័យ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត