ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន កំពុងអះអាងពីជ័យជំនះរបស់ខ្លួន នៅឯទីក្រុងកំពង់ផែ Mariupol
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន កំពុងអះអាងជ័យជំនះរបស់ខ្លួន នៅទីក្រុងកំពង់ផែ Mariupol ភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន ដោយនិយាយថា ទីក្រុងនោះត្រូវបានរំដោះរួចរាល់ហើយ។ ប៉ុន្តែជាក់ស្ដែង គឺទាហានអ៊ុយក្រែនកំពុងវាយបកវិញ ខណៈជនស៊ីវិលជាង ១០០,០០០ នាក់ នៅជាប់គាំងក្នុងទីក្រុងនៅឡើយ។ លោក ពូទីន បាននិយាយថា យោធានឹងមិនវាយលុកទីតាំងរឹងមាំចុងក្រោយរបស់អ៊ុយក្រែន ដែលនៅម្ដុំរោងចក្រដែកនោះទេ។ ប៉ុន្តែខ្លួនបានរារាំងពួកគេនៅទីនោះ ដែលសូម្បីតែសត្វរុយក៏មិនអាចហើរចេញបានដែរ។
ជម្រាបដែរថា ទីតាំងរោងចក្រដែកមួយនោះ មានទាហានអ៊ុយក្រែនជាង ២ ពាន់នាក់ កំពុងឈរជើងយ៉ាងស្វិតស្វាញ ដើម្បីទប់ទល់ការវាយប្រហាររបស់រុស្ស៊ី។ កងកម្លាំងរុស្ស៊ីក៏កំពុងទាមទារឱ្យភាគីអ៊ុយក្រែនដាក់អាវុធ និងព្រមចុះចាញ់ ប៉ុន្តែប្រជាជនអ៊ុយក្រែនមិនបានបង្ហាញសញ្ញានៃការដកថយនោះឡើយ។
សង្រ្គាមនៅតែបន្ដ ហើយអភិបាលក្រុង Mariupol បានអំពាវនាវឱ្យមានការជម្លៀសភ្លាមៗ និងពេញលេញ សម្រាប់ជនស៊ីវិលចំនួន ១២០,០០០ នាក់ ដែលជាប់គាំងនៅក្នុងទីក្រុង។ លោក Vadym Boichenko បាននិយាយថា៖«វាជារឿងសំខាន់ដែលត្រូវយល់ សម្រាប់ប្រជាជនដែលនៅទីនោះ ជីវិតរបស់ពួកគេគឺនៅក្នុងដៃរបស់មនុស្សតែម្នាក់ – Vladimir Putin»។ ចំណែកឯប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ក៏កំពុងអំពាវនាវឱ្យប្រទេសលោកខាងលិចបញ្ជូនអាវុធបន្ថែមទៀត និងដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងលើទីក្រុងម៉ូស្គូ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
