កតញ្ញូមែន! ពីក្មេងស្រីដែលត្រូវរើសមកចិញ្ចឹម ប្រឹងធ្វើការរហូតបើកបានក្រុមហ៊ុន តែក៏សុខចិត្តលក់ក្រុមហ៊ុនចោលដើម្បីនាំឪពុកចិញ្ចឹមដែលមានវ័យចាស់ជរាដើរលេង
ចិន៖ តាមប្រភពព័ត៌មានរបស់ Khaosod បានអោយដឹងថា បុរសម្នាក់មានឈ្មោះថា Jarng Soungchee វ័យ៧៥ឆ្នាំ បានរើសយកទារកម្នាក់ដែលត្រូវឪពុកម្ដាយបោះបង់ចោលនៅកណ្ដាលវាលស្រែយកមកចិញ្ចឹម។ ប្រភពដដែលបានឱ្យដឹងថា លោក Jarng ដែលជាកសិករធ្វើស្រែចម្ការ នៅតំបន់ដាច់ស្រយាលមួយនៅខេត្តហឺណាន ប្រទេសចិន បានសម្រេចចិញ្ចឹមទារកដែលគាត់រើសបាន ព្រមទាំងដាក់ឈ្មោះឱ្យថា Jarng Paiker ដោយរូបលោកមានជីវភាពក្រីក្រទើបពុំបានរៀបការ និងបង្កើតគ្រួសារនឹងគេ។
ដើម្បីអោយកូនស្រីលោកមានជីវិតរស់នៅដែលល្អ ក្រៅពីធ្វើស្រែនៅពេលទំនេរលោកក៏បានដើររើសសំរាមតាមភូមិទីជិតឆ្ងាយយកទៅលក់ផងដែរ។ លុះដល់វ័យដែល Jarng Paiker ត្រូវចូលរៀនលោក Jarng Sounghee បានដឹងច្បាស់ថា កូនស្រីប្រាកដជាមានអារម្មណ៍មិនល្អឡើយនៅពេលដែលគេឃើញសភាពក្រីក្ររបស់ឪពុកនាង ទើបលោកខិតខំធ្វើការងារបន្ថែមទៀតនោះ គឺឆ្លៀតដើររើសសំរាមនាពេលយប់បន្ថែមទៀតក្រោយពេលដែលកូនស្រីគេងលក់។
លុះកូនស្រីត្រូវបន្តការសិក្សាថ្នាក់បរិញ្ញាប័ត្រឯមហាវិទ្យាល័យ លោក Jarng Sounghee នៅតែបន្តធ្វើការងារធ្ងន់ៗ និងព្យាយាមសន្សំសំចៃដោយញុាំតែនំប៉ាវ រឺគុយទាវដែលមានតែបន្លែសុទ្ធតែប៉ុណ្ណោះ។ ចំណែកអាហារដែលឆ្ងាញ់ៗ គឺមានចំពោះតែពេលដែលកូនស្រីត្រឡប់មកលេងផ្ទះតែប៉ុណ្ណោះ។ ថ្ងៃមួយកូនស្រីបានត្រឡប់មកលេងផ្ទះដោយមិនបានប្រាប់មុនទើប នាងបានឃើញឪពុកកំពុងអង្គុយញុាំអាហារដែលមានតែបន្លែសុទ្ធ ទើប Jarng Paiker តាំងចិត្តថា នឹងព្យាយាមធ្វើការរកលុយចិញ្ចឹមឪពុកអោយរស់ស្រួលអោយបាន។ ក្រោយពីនាងបានតាំងចិត្តធ្វើការយ៉ាងខ្លាំងមកនោះ នាងយកលុយដែលរកបានមកទិញពូកអោយឪពុក ប៉ុន្តែដោយសារតែ Jarng Paiker ត្រូវធ្វើការងារធ្ងន់រហូតធ្លាក់ខ្លួនឈឺធ្ងន់ ទើបឪពុកត្រូវយកលុយសន្សំទាំងប៉ុន្មានចេញមកព្យាបាលជម្ងឺកូនស្រីនៅទីក្រុងប៉េងកាំង។

យ៉ាងណាមិញបន្ទាប់ពី Jarng Paiker បានជាសះស្បើយពីជម្ងឺ នាងក៏ត្រឡប់មកលក់ផលិតផលថែរក្សាស្បែកវិញ ជាសំណាងនាងបានទទួលការគាំទ្រពីអតិថិជនយ៉ាងខ្លាំងរហូតធ្វើអោយនាងបានបើកជាក្រុមហ៊ុនលក់ផលិតផលជារបស់ខ្លួនឯង។ បន្ទាប់ពីនាងទទួលបានចំណូលរាប់រយលានហើយនោះ នាងក៏បានសម្រេចចិត្តលក់ក្រុមហ៊ុនចោលដើម្បីយកលុយទិញផ្ទះ ទិញឡានអោយឪពុក រួចនាំឪពុកដើរលេងទូទាំងប្រទេស ក៏ដូចជាទូទាំងពិភពលោកទៀតផង។ ការលក់ក្រុមហ៊ុនចោលនោះបង្កើតអោយមានសំណួរចោទសួរទៅកាន់ Jarng Paiker យ៉ាងខ្លាំងថា៖ «ហេតុអ្វីចាំបាច់ត្រូវលក់ក្រុមហ៊ុនដើម្បីនាំឪពុកដែលមានវ័យចាស់ជរាដើរលេងដោយមិនបានដឹងថា លោកនឹងមានជីវិតរស់នៅបានយូរប៉ុណ្ណានោះ?»។
Jarng Paiker ឆ្លើយតបវិញថា «ដោយសាតែឪពុកចាស់ហើយ ចំណែកសុខភាពក៏កាន់តែទ្រុឌទ្រោមទៅៗ ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺប្រសិនបើឪពុកម្នាក់នេះមិនរើសយកខ្ញុំមកចិញ្ចឹមក៏មិនមានខ្ញុំក្នុងថ្ងៃនេះដូចគ្នា ចុងក្រោយខ្ញុំសង្ឃឹមថា ឪពុកនឹងមានសេចក្តីសុខ ខ្ញុំចង់ឃើញស្នាមញញឹមរបស់ឪពុក ចង់តបស្នងសងគុណឪពុកដែលតស៊ូចិញ្ចឹមខ្ញុំមកទាំងលំបាក គ្រាន់តែខ្ញុំបានឃើញឪពុកមានសេចក្តីសុខខ្ញុំក៏ពេញចិត្តហើយ»៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត




