ព័ត៌មានអន្តរជាតិ May 10, 2022

លោក ចូ បៃដិន ចុះហត្ថលេខាលើច្បាប់ ពន្លឿនការបញ្ជូនអាវុធឱ្យអ៊ុយក្រែន

Khmerpress

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃចន្ទសប្តាហ៍នេះ បានចុះហត្ថលេខាលើច្បាប់មួយ ដែលនឹងផ្ដល់ឱ្យរូបលោកនូវអំណាច ក្នុងការពន្លឿនការបញ្ជូនសម្ភារយោធា និងអាវុធទៅឱ្យអ៊ុយក្រែន ដែលកំពុងតស៊ូប្រយុទ្ធជាមួយកងទ័ពរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១០ ខែឧសភា ឆ្នាំ២០២២។

ច្បាប់ខាងលើ ឬគេស្គាល់ថា ច្បាប់ជួល-ឱ្យខ្ចីសម្ភារយោធា «Lend-lease Act» ធ្លាប់ត្រូវបានសហរដ្ឋអាមេរិកយកមកប្រើក្នុងសម័យសង្រ្គាមលោកលើកទី២ ដើម្បីជួយសម្ព័ន្ធមិត្តរបស់ខ្លួននៅអឺរ៉ុប ប្រយុទ្ធប្រឆាំងជាមួយកងទ័ពណាហ្ស៉ីអាល្លឺម៉ង់។

ក្នុងពិធីចុះហត្ថលេខាលើច្បាប់នេះនៅឯសេតវិមាន លោក បៃដិន បានកត់សម្គាល់ថាសហរដ្ឋអាមេរិក បាន និងកំពុងគាំទ្រដល់អ៊ុយក្រែន ដើម្បីការពារ ប្រទេសរបស់ខ្លួន និងប្រជាធិបតេយ្យប្រឆាំងនឹងសង្រ្គាមដ៏សាហាវឃោរឃៅរបស់លោក ពូទីន។ លោកបន្ថែមថា លោកផ្ទាល់បានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្ដល់សម្បទាននយោបាយក្នុងសភាជាតិ សំដៅទទួលបានការអនុម័តយ៉ាងឆាប់រហ័សលើសំណើកញ្ចប់ថវិកា ៣៣ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន។

គួរបញ្ជាក់ថា ការចុះហត្ថលេខាច្បាប់ ជួល-ឱ្យខ្ចីសម្ភារយោធារបស់លោក ចូ បៃដិន ធ្វើឡើងប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោក ពូទីន បង្ហាញខ្លួនក្នុង ការត្រួតពិនិត្យព្យុហយាត្រាយោធា នៅឯលើទីលានក្រហម នៃទីក្រុងមូស្គូ ក្នុងការប្រារព្ធទិវាជ័យជម្នះរបស់អតីតកងទ័ពសូវៀត ប្រឆាំងនឹងកងទ័ពណាហ្ស៊ី អាល្លឺម៉ង់ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ជាពេលដែលលោក ពូទីន អះអាងថាសង្រ្គាមរបស់លោកនៅអ៊ុយក្រែន គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ៕ ផ្តល់សិទ្ធិដោយ៖ freshnews