អ្នកម្នាងនរោត្តម ឌួង ឌីយ៉ាត ត្រូវជាជីដូនបង្កើតរបស់ព្រះនាងតូច នរោត្តម ជេនណា បានទទួលមរណភាព ដោយរោគាពាធ
- BY
- Khmerpress
- May 12, 2022
យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ ព្រះនាងតូច នរោត្តម ជេនណា កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា «មរណភាពនៃជីដូនខ្ញុំ អ្នកម្នាង ឌួង ឌីយ៉ាត។ ខ្ញុំ និងព្រះមាតាខ្ញុំ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម បុប្ផារី មានសេចក្តីរំជួលចិត្តរន្ធត់ក្តុកក្តួលជាពន់ពេកណាស់ចំពោះការចាកចេញដ៏ឆាប់រហ័សនៃជីដូនបង្កេីតខ្ញុំ អ្នកម្នាង ឌួង ឌីយ៉ាត ដោយជីដូនខ្ញុំបានទទួលមរណភាព កាលពីម៉ោង ១១:៣៩នាទីព្រឹកនាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះ នៅមន្ទីរពេទ្យមួយក្នុងក្រុងបាងកក ប្រទេសថៃ ដោយរោគាពាធ។
ម៉ាក់យាយជាទីស្រឡាញ់របស់ចៅ ចៅស្តាយណាស់ដែលចៅមិនបានជួប និងនៅក្បែរម៉ាក់យាយក្នុងដង្ហេីមចុងក្រោយ។ ចៅតែងតែបន់ស្រន់សុំអោយម៉ាក់យាយនៅជាមួយចៅអោយបានយូរ តែពេលនេះម៉ាក់យាយទៅចោលចៅហេីយ ទៅគ្មានថ្ងៃបានជួបវិញ។ ឱ! ម៉ាក់យាយអេីយ ចៅនៅតែនឹក នឹក នឹក និងចងចាំពីការស្រឡាញ់ ការអប់រំ ការថ្នមថ្នាក់របស់ម៉ាក់យាយគ្មានថ្ងៃភ្លេច។ ខ្ញុំម្ចាស់ នាងខ្ញុំ និងទូលថ្វាយជម្រាប ពីការប្រារព្ធកម្មវិធីបុណ្យសពម៉ាក់យាយខ្ញុំ នៅពេលក្រោយ»។
គួរបញ្ជាក់ផងដែរថា សពរបស់អ្នកម្នាង ឌួង ឌីយ៉ាត បានមកដល់វត្តបុទុមវត្ថី នៅវេលាម៉ោង ១១:០០ អាធ្រាត ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ហើយសពរបស់អ្នកម្នាង នឹងតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា នៅវត្តបុទុមវត្ថី៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
- Share This Post: