Starbucks ប្រកាសថានឹងចាកចេញពីទីផ្សាររុស្ស៊ី បិទហាង ១៣០ទីតាំងចោល ក្រោយឈរជើងនៅទីនោះអស់ជិត ១៥ឆ្នាំ
- BY
- Khmerpress
- May 24, 2022
ក្រុមហ៊ុន Starbucks Corp បាននិយាយកាលពីថ្ងៃចន្ទ ទី២៣ ខែឧសភា ថា ខ្លួននឹងចាកចេញពីទីផ្សាររុស្ស៊ី បន្ទាប់ពីបើកដំណើរនៅទីនោះអស់រយៈពេលជិត ១៥ឆ្នាំ។ យីហោកាហ្វេដ៏ល្បីល្បាញមួយនេះ បានសម្រេចចិត្តដើរចេញពីរុស្ស៊ីបន្ទាប់ពីក្រុមហ៊ុន McDonald’s Corp ដែលបានប្រកាសចាកចេញពីរុស្ស៊ីកាលពីសប្ដាហ៍មុន។
Starbucks ដែលមានមូលដ្ឋាននៅទីក្រុង Seattle មានហាងចំនួន ១៣០ នៅក្នុងប្រទេសរុស្ស៊ី ដែលដំណើរការដោយក្រុមហ៊ុន Alshaya Group ក្រោមអាជ្ញាប័ណ្ណរបស់ខ្លួន ជាមួយនឹងបុគ្គលិកជិត ២,០០០ នាក់នៅក្នុងប្រទេស។ ការសម្រេចចិត្តរបស់យីហោនេះក្នុងការបញ្ឈប់ប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី គឺខុសពីវិធីសាស្រ្តដែលក្រុមហ៊ុនបរទេសមួយចំនួនបានអនុវត្ត។
គួរបញ្ជាក់ថា កាលពីខែមីនា កន្លងទៅ ក្រុមហ៊ុន Starbucks បានបិទហាងរបស់ខ្លួន និងផ្អាកសកម្មភាពអាជីវកម្មទាំងអស់នៅក្នុងប្រទេសរុស្ស៊ី រួមទាំងការដឹកជញ្ជូនផលិតផលរបស់ខ្លួនទៅកាន់ប្រទេសនេះ បន្ទាប់ពីការលុកលុយរបស់ទីក្រុងមូស្គូទៅលើអ៊ុយក្រែន។ ទោះជាយ៉ាងណាក្ដី ក្រុមហ៊ុនបាននិយាយថា ខ្លួននឹងបន្តគាំទ្របុគ្គលិករបស់ខ្លួននៅទីនោះ រួមទាំងការបង់ប្រាក់ឱ្យពួកគេសម្រាប់រយៈពេលប្រាំមួយខែផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
- Share This Post: